បេសកជនពិសេសរបស់លោក លី ជួបជាមួយមន្ត្រីកំពូលប៉ូឡូញ ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថា គណៈប្រតិភូកូរ៉េខាងត្បូងបានទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដើម្បីថ្លែងសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae Myung) ស្តីពីការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត។
គណៈប្រតិភូដឹកនាំដោយអ្នកនយោបាយជើងចាស់ លោក ផាក ជីវ៉ុន (Park Jie-won) នៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច គឺជាក្រុមបេសកជនរបស់ប្រធានាធិបតីដំបូងគេដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ូឡូញដោយរដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។
បេសកជនបានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូស្លាវ ស៊ីកូស្គី (Radoslaw Sikorski) កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ហើយបានប្រគល់លិខិតផ្ទាល់ខ្លួនពីលោក លី ទៅកាន់នាយករដ្ឋមន្ត្រី លោក ដូណាល់ ទូក (Donald Tusk) អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។
ក្រសួងបាននិយាយថា គណៈប្រតិភូ និងលោក ស៊ីកូស្គី បានកត់សម្គាល់ពីការអភិវឌ្ឍដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ហើយបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ដើម្បីបង្កើតលទ្ធផលកាន់តែច្រើននៅក្នុងវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច ថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
គណៈប្រតិភូក៏បានស្នើសុំឱ្យប្រទេសប៉ូឡូញបន្តយកចិត្តទុកដាក់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការធ្វើឱ្យមានការរីកចម្រើនប្រកបដោយអត្ថន័យក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងការបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
យោងតាមក្រសួងបានឱ្យដឹងថា លោក ស៊ីកូស្គី បានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្តទំនាក់ទំនងជិតស្និទ្ធនៅគ្រប់កម្រិតដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប៉ាវេល ប៊េចដា (Pawel Bejda) និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តភាពជាដៃគូជិតស្និទ្ធក្នុងវិស័យការពារជាតិ រួមទាំងការបន្តសម្រាប់កិច្ចសន្យារថក្រោះ K2 ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





