ហុងកុងចេញការព្រមានព្យុះភ្លៀងកម្រិតពណ៌ខ្មៅលើកទីមួយប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមអ្នកសង្កេតការណ៍ហុងកុងបានចេញសញ្ញាព្រមានព្យុះភ្លៀងកម្រិតពណ៌ខ្មៅជាលើកដំបូងរបស់ខ្លួនប្រចាំឆ្នាំនេះកាលពីព្រឹកថ្ងៃអង្គារ ដែលវានៅតែមានជាធរមានរហូតមកដល់ពេលនៃការរាយការណ៍នេះ។
សញ្ញាព្រមានព្យុះភ្លៀងកម្រិតពណ៌ខ្មៅនេះជាការបង្ហាញថា តំបន់ជាច្រើននៃទីក្រុងហុងកុងបានត្រូវបានកត់ត្រា ឬត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់លើសពី ៧០មីលីម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងដែលទំនងជានៅតែបន្ត។
ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថា សកម្មភាពព្យុះផ្គររន្ទះដ៏ខ្លាំងដែលជាប់ទាក់ទងនឹងសម្ពាធទាបយ៉ាងខ្លាំងនោះ បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅលើកោះឡាំម៉ា ដែលមានភ្លៀងធ្លាក់ក្នុងមួយម៉ោងលើសពី ១០០មីលីម៉ែត្រ។
បន្ទាប់ពីការចេញសញ្ញាព្រមាននេះ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានដំណើរការមជ្ឈមណ្ឌលសម្របសម្រួលគ្រាអាសន្នរបស់ខ្លួន ក្រោមនាយកដ្ឋានកិច្ចការផ្ទៃក្នុង។ នាយកដ្ឋាននេះនឹងបើកមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នសម្រាប់បុគ្គលដែលត្រូវការកន្លែងស្នាក់នៅបន្ទាន់។ ការិយាល័យអប់រំបានណែនាំដល់សាលារៀននានាឱ្យអនុវត្តវិធានការបន្ទាន់ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





