សន្និសីទអង្គការសហប្រជាជាតិគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងអំពាវនាវឱ្យអ៊ីស្រាអែលប្តេជ្ញាចិត្តចំពោះរដ្ឋប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកតំណាងជាន់ខ្ពស់នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានជំរុញឱ្យអ៊ីស្រាអែលប្តេជ្ញាចិត្តចំពោះរដ្ឋប៉ាឡេស្ទីន និងផ្តល់ការគាំទ្រដោយមិនផ្លាស់ប្តូរដល់ដំណោះស្រាយរដ្ឋពីរ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តជាអន្តរជាតិយ៉ាងទូលំទូលាយក្នុងការបញ្ចប់ជម្លោះដ៏យូរបំផុតមួយរបស់ពិភពលោក។
«សេចក្តីប្រកាសញូវយ៉ក» បានកំណត់ផែនការជាដំណាក់កាលដើម្បីបញ្ចប់ជម្លោះជិតប្រាំបីទសវត្សរ៍ និងសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ ផែនការនេះនឹងបញ្ចប់ដោយឯករាជ្យភាព និងភាពគ្មានយោធារបស់ប៉ាឡេស្ទីនដែលរស់នៅក្បែរគ្នាដោយសន្តិវិធីជាមួយអ៊ីស្រាអែល និងការធ្វើសមាហរណកម្មជាយថាហេតុរបស់ប្រទេសនេះចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។
កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលបានបញ្ចប់ទៅកាលពីថ្ងៃអង្គារ បានធ្វើឡើងចំពេលដែលមានរបាយការណ៍ចុងក្រោយថា ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា និងការផ្ទុះកំហឹងជាសកលចំពោះប្រជាជនប៉ាឡេស្ទីនដែលមិនទទួលបានអាហារដោយសារតែគោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រឆាំងនឹងដំណោះស្រាយរដ្ឋពីរ ហើយបានច្រានចោលកិច្ចប្រជុំនេះ ទាំងហេតុផលជាតិនិយម និងហេតុផលសន្តិសុខ។
សន្និសីទដែលត្រូវបានពន្យារពេលកាលពីពីខែមិថុនា និងត្រូវបានទម្លាក់ចំណាត់ថ្នាក់ពីសន្និសីទថ្នាក់មេដឹកនាំពិភពលោកទៅជាត្រឹមសន្និសីទថ្នាក់រដ្ឋមន្ត្រីជាលើកដំបូងនេះ បានបង្កើតក្រុមការងារកម្រិតខ្ពស់ចំនួនប្រាំបី ដើម្បីពិនិត្យ និងធ្វើសំណើស្តីពីប្រធានបទទូលំទូលាយទាក់ទងនឹងដំណោះស្រាយរដ្ឋពីរ។
ផែនការនៃសេចក្តីប្រកាសនេះនិយាយថា សហប្រធាននៃសន្និសីទនេះ គឺបារាំង និងអារ៉ាប៊ីសាអូឌីត សហភាពអឺរ៉ុប និងសម្ព័ន្ធអារ៉ាប់ និងប្រទេសចំនួន១៥ ដែលដឹកនាំក្រុមការងារបានព្រមព្រៀងគ្នាចាត់វិធានការរួមដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





