ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន លុះត្រាតែអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ និងបញ្ចប់បង្កការរងទុក្ខនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអង់គ្លេស លោក គ័រ ស្តាមើរ (Keir Starmer) បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងខែកញ្ញាខាងមុខ លុះត្រាតែអ៊ីស្រាអែលយល់ព្រមទៅលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា អនុញ្ញាតឱ្យអង្គការសហប្រជាជាតិនាំយកជំនួយចូល និងចាត់វិធានការផ្សេងៗទៀតឆ្ពោះទៅរកសន្តិភាពយូរអង្វែង។
លោក ស្តាមើរ ដែលស្ថិតនៅក្រោមសម្ពាធក្នុងស្រុកកាន់តែខ្លាំងឡើងជុំវិញបញ្ហានេះ ខណៈដែលភាពអត់ឃ្លាននៅតំបន់ហ្គាហ្សាបានធ្វើឱ្យប្រជាជនអង់គ្លេសជាច្រើនរូបរន្ធត់ចិត្តនោះ បានកោះប្រជុំគណៈរដ្ឋមន្ត្រីដ៏កម្រមួយដើម្បីពិភាក្សាអំពីស្ថានភាពនៅទីនោះ។ វាបានកើតឡើងបន្ទាប់ពីលោកបានពិភាក្សាអំពីវិបត្តិនេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅក្នុងប្រទេសស្កុតឡែនកាលពីថ្ងៃចន្ទ។
លោក ស្តាមើរ បាននិយាយថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ «លុះត្រាតែរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការចាំបាច់ដើម្បីបញ្ចប់ស្ថានការណ៍ដ៏គួរឱ្យរន្ធត់នៅតំបន់ហ្គាហ្សា យល់ព្រមលើបទឈប់បាញ់ និងប្តេជ្ញាឆ្ពោះទៅរកសន្តិភាពយូរអង្វែងប្រកបដោយនិរន្តរភាព»។
លោកបាននិយាយថា «ហើយនេះនឹងរួមបញ្ចូលទាំងការអនុញ្ញាតឱ្យអង្គការសហប្រជាជាតិចាប់ផ្តើមការផ្គត់ផ្គង់ជំនួយឡើងវិញ ហើយការធ្វើឱ្យច្បាស់ថានឹងមិនមានឧបសម្ព័ន្ធណាមួយនៅក្នុងតំបន់វេសប៊ែង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





