លោក ហាក់ ម៉ុងហួត នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋភៀសសឹកនៅតំបន់សុវត្ថិភាពក្នុងស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកតាំងគោក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិប្រយុទ្ធនៅព្រំដែនមកកាន់ទីតាំងសុវត្ថិភាពនៅស្រុកតាំងគោក សរុប១៣៥គ្រួសារ ស្មើនឹង៥០៩នាក់ ព្រះសង្ឃ៦អង្គ និងភរិយាកងកម្លាំងជួរមុខ២នាក់។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹងដែលមកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ ធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

លោកអភិបាលស្រុកបានមានប្រសាសន៍បញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ដើម្បីបានផ្តល់ជូន និងលើកទឹកចិត្តដល់កម្លាំងជួរមុខ ព្រមទាំងប្រជាពលរដ្ឋ ដែលកំពុងតែភៀសខ្លួនដោយសារការការឈ្លានពានរបស់កងទ័ពសៀម។ លោកបានណែនាំប្រជាជនភៀសសឹកត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាពឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកតាំងគោកនេះ ដោយអាជ្ញាធរ បានយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច ហើយបើសិនមានបញ្ហាសុខភាព ត្រូវប្រាប់ជាបន្ទាន់ដល់អាជ្ញាធរដែលប្រចាំការចាំជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺមិនចង់បានសង្គ្រាមនោះឡើង ដោយសារផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកទាំងនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព។ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹកដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នាដោយរៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕

ដោយ ស៊ុម វណ្ណា





