ឯកឧត្តមបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជាចំនួន០៤រូបដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ
AKP កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីចំនួន០៤រូប៖ ទី១. លោកព្រិន្ទបាលឯក ពេជ្រ ង៉ោល នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលលេខ៨ចំណុះកងពលធំលេខ៣ ស្រុកសណ្ដាន់។ ទី២. អនុសេនីយ៍ត្រី ញាត ឈីន វរៈសនាតូចអន្តរាគមន៍លេខ៣៨២ ស្រុកសណ្ដាន់។ ទី៣. អនុសេនីយ៍ត្រី ជួង លាប នៅអង្គភាពវរសេនាតូចលេខ៤២ ស្រុកស្ទោង និងទី៤. លោកព្រិន្ទបាលឯក ឌី សេង នៅអង្គភាពកងពលធំអន្តរាគមន៍លេខ ៣ ជ.ក ស្រុកបារាយណ៍ ដែលជាយុទ្ធជនពលីជីវិតដើម្បីជាតិឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ។

គណៈប្រតិភូខេត្តកំពង់ធំ និងប្រជាពលរដ្ឋគ្រប់រូបចងចាំទុកនូវគុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជនដ៏អង់អាចខ្លាហានជាគំរូវីរភាពដ៏ឧត្តុងឧត្តម និងលះបង់សម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ។ ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមរំលែកមរណទុក្ខដោយក្តីក្តុកក្តួល និងអាឡោះអាល័យបំផុត ចំពោះការបាត់បង់វីរយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយសត្រូវ លើដែនអធិបតេយ្យភាពកម្ពុជា៕



ដោយ ស៊ុម វណ្ណា





