អភិបាលស្រុកស្ទោងបន្តនាំយកអំណោយឧបត្ថម្ភជូនដល់ជនភៀសសឹក ពលករ និងគ្រួសារវីរយុទ្ធជន
AKP កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបន្តនាំយកអំណោយ និងថវិកាឧបត្ថម្ភជូនដល់ជនភៀសសឹក ពលករ និងគ្រួសារវីរយុទ្ធជនចំនួន១០០គ្រួសារ ដែលជម្លៀសខ្លួនមកពីតំបន់ផ្ទុះអាវុធនៅទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ មកដល់ភូមិសាស្ត្រស្រុកស្ទោង រួមមានឃុំចំណាលើ ឃុំចំណាក្រោម ឃុំកំពង់ចិនត្បូង ឃុំទ្រា ឃុំប្រឡាយ និងឃុំពពក។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ជាមួយជនភៀសសឹកដែលភៀសខ្លួនមកពីបណ្ដាខេត្តនានាដែលផ្ទុះអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅព្រំដែនកម្ពុជា-ថៃព្រមទាំងគ្រួសារវីរយុទ្ធជនដែលកំពុងតែជាប់ភារកិច្ចការពារដែនអធិបតេយ្យភាពជាតិ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមយកចិត្តទុកដាក់ពីសុខទុក្ខ សុខុមាលភាពបងប្អូនជាជនភៀសសឹក ពលករ និងគ្រួសារវីរយុទ្ធជន ដើម្បីធានាបាននូវភាពកក់ក្តៅ ព្រមទាំងរស់នៅប្រកបដោយសុខសុវត្ថិភាព មានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ក្នុងឱកាសដែលជាតិទើបទទួលបានសន្តិភាព រួចផុតពីភ្លើងសង្គ្រាម និងការឈ្លានពានពីជនបរទេស។

លោកអភិបាលស្រុកស្ទោងក៏បានសំណូមពរដល់បងប្អូនប្រជាជនទាំងអស់សូមមានស្មារតីជាតិនិយម និងងាកមកគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសហគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែគិតគូរពីប្រជាជាតិ ស្ថិរភាពតាមព្រំដែន និងបានស្រោចស្រង់ប្រទេសជាតិឱ្យរួចផុតអំពីភ្លើងសង្គ្រាម។

សូមបញ្ជាក់ថា ជនភៀសសឹក ពលករ និងគ្រួសារយុទ្ធជនទាំង១០០គ្រួសារក្នុង០១គ្រួសារទទួលបានអង្ករ០១បេ ស្បៀង១កញ្ចប់ (មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ) ដោយឡែកស្ត្រីជាភៀសសឹកដែលទើបតែសម្រាលកូន លោកអភិបាលស្រុកបានឧបត្ថម្ភថវិកាចំនួន១៥ម៉ឺនរៀលផងដែរ៕
ដោយ ស៊ុម វណ្ណា





