អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តន៍ក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននៃវិបត្តិព្រំដែន ដោយជានិច្ចកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិការទទួលខុសត្រូវ ស្រឡាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលវិបាកដែលអាចកើតឡើង ចេញពីការរាយការណ៍របស់ខ្លួន។

ការអំពាវនាវរបស់ឯកឧត្ដមអ្នកនាំពាក្យបែបនេះ បន្ទាប់ពីឃើញមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយ និងរាយការណ៍អំពីសកម្មភាពរបស់កងទ័ព និងទីតាំងលេណដ្ឋានប្រតិបត្តិការយោធានៅតាមព្រំដែន ដែលកំពុងតែមានជម្លោះជាមួយកងទ័ពថៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា៖ «សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ»។
ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ពិសេសក្នុងខណៈប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិព្រំដែន ដោយត្រូវចៀសវាង មិនឱ្យការរាយការណ៍ទាំងនោះប៉ះពាល់ដល់ការរក្សាការពារសន្តិសុខជាតិ ឬអាចបង្កការប៉ះពាល់ដល់សុវត្ថិភាព ឬអាយុជីវិតកងទ័ព។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «តែចាំបាច់ត្រូវចូលរួមសកម្មក្នុងការធានាថាសង្គមជាតិមិនធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការរាយការណ៍ ដែលខុសក្រមសីលធម៌»។
ពាក់ព័ន្ធនឹងសន្តិសុខជាតិ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក៏សូមអំពាវនាវឱ្យបង្កើនការសហការ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍ជាតិជាធំ មិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល៕
ដោយ៖ រិទ្ធី





