នាយករដ្ឋមន្ត្រីអង់គ្លេសគ្រោងនឹងបង្ហាញផែនការដើម្បីទទួលស្គាល់ប៉ាឡេស្ទីននៅក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- សារព័ត៌មាន The Times បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គ័រ ស្តាមើរ(Keir Starmer) ត្រូវបានគេរំពឹងថានឹងបង្ហាញអំពីផែនការដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងសប្តាហ៍នេះ។
សារព័ត៌មាននេះចាត់ទុកចំណាត់ការដោយប្រមុខរដ្ឋាភិបាលនេះជាការបង្កើនសម្ពាធកាន់តែខ្លាំងឡើងពីគណបក្សការងារដែលកំពុងកាន់អំណាចដែលដឹកនាំដោយលោក ស្តាមើរ។ យោងតាមអត្ថបទនេះ សមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំពីរនាក់កំពុងដាក់សម្ពាធឱ្យនាយករដ្ឋមន្ត្រីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ គណបក្សនេះបានឡើងកាន់អំណាចវិញនៅក្នុងខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីឈ្នះការបោះឆ្នោតជាសកលជាមួយនឹងការសន្យាខាងលើនេះ។ កាសែត The Times បានកត់សម្គាល់ថា អ្នកនៅពីក្រោយប្រមាណ១៣០នាក់មកពីគណបក្សកាន់អំណាច ដែលស្មើនឹងជិតមួយភាគបីនៃសមាជិកសភា កំពុងទាមទារឱ្យមានការទទួលស្គាល់ប៉ាឡេស្ទីន។
សារព័ត៌មាននេះបានដកស្រង់សម្តីអ្នកនាំពាក្យរបស់លោក ស្តាមើរដែលបាននិយាយថាលោកនាយករដ្ឋមន្ត្រីចែករំលែកអំពីផែនការដែលលោកដែលកំពុងធ្វើការជាមួយបណ្តាមេដឹកនាំអឺរ៉ុបផ្សេងទៀតដើម្បីនាំមកនូវសន្តិភាពយូរអង្វែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយទទួលស្គាល់សិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីនក្នុងការមានរដ្ឋផ្ទាល់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





