អង្គការមិនមែនរដ្ឋាភិបាលរបស់ប៉ាឡេស្ទីនទាមទារឱ្យបើកព្រំដែនតំបន់ហ្គាហ្សាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- បណ្តាញអង្គការមិនមែនរដ្ឋាភិបាលប៉ាឡេស្ទីន (PNGO Net) បានព្រមានថា ជំនួយដែលទម្លាក់ពីយន្តហោះនឹងមិនអាចបញ្ចប់គ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនឡើងវិញដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងដែនដីនេះ។
លោក អាំចាដ អាល់-ស្សាវ៉ា (Amjad al-Shawa) នាយក PNGO Net បានពន្យល់ថា «ខណៈដែលយើងថ្លែងអំណរគុណចំពោះបណ្តាប្រទេសទាំងអស់ដែលបានបញ្ជូនជំនួយតាមអាកាស តែវានឹងមិនអាចដោះស្រាយវិបត្តិបានទេ ផ្ទុយទៅវិញ វាបានបណ្តាលឱ្យមានជនស៊ីវិលស្លាប់និងការខូចខាត»។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានសាហ្វាលោក អាល់-ស្សាវ៉ា បានអះអាងថា ការចែកចាយជំនួយនៅតាមដីគោក ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត និងមានគ្រោះថ្នាក់តិចតួចបំផុត។
សកម្មជនរូបនេះបានរំលឹកឡើងវិញអំពីតម្រូវការក្នុងការបង្កើនសម្ពាធអន្តរជាតិទៅលើអ៊ីស្រាអែល ដើម្បីបង្ខំឱ្យបើកច្រកឆ្លងកាត់ឡើងវិញ ហើយអនុញ្ញាតឱ្យនាំចូលទំនិញសំខាន់ៗ និងធានាឱ្យមានលំហូរទំនិញដ៏ធំ។
លោកបានកត់សម្គាល់ថា ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបឥឡូវនេះត្រូវបានគេបង្ខាំងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅយ៉ាងក្រាស់ក្រែលដែលបង្កើនឱ្យមានការភ័យខ្លាចថាការទម្លាក់ជំនួយពីយន្តហោះនោះអាចបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស»។
នៅចុងសប្តាហ៍នេះ សហភាពអារ៉ាប់រួម (UAE) និងហ្ស៊កដានី បានធ្វើប្រតិបត្តិការទម្លាក់ជំនួយជាច្រើនដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់ឆ្នេរនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





