សហភាពអឺរ៉ុបផ្អាកជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន ជុំវិញវិបត្តិរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- សារព័ត៌មានEkonomicheskaya Pravda (ឬសារព័ត៌មាន Economic Truth) បានរាយការណ៍ដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាល សភា និងមជ្ឈដ្ឋានការទូតអ៊ុយក្រែនថា សហភាពអឺរ៉ុបបានជូនដំណឹងដល់អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា ជំនួយហិរញ្ញវត្ថុទាំងអស់ត្រូវបាន «ផ្អាក»ដោយរង់ចាំដំណោះស្រាយចំពោះការព្រួយបារម្ភអំពីឯករាជ្យភាពនៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ។
ការផ្អាកជំនួយនេះជះឥទ្ធិពលជាខ្លាំងទៅលើកម្មវិធី ERA (Extraordinary Revenue Acceleration for Ukraine) កម្មវិធីដែលត្រូវផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ១៧,២ពាន់លានអឺរ៉ូ ដែលផ្តល់មូលនិធិដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងរហូតដល់ដំណាច់ឆ្នាំ និងកម្មវិធីUkraine Facility ដែលត្រូវបម្រុងថវិកាចំនួន ១២,៥ពាន់លានអឺរ៉ូក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
សភាអ៊ុយក្រែនគ្រោងនឹងពិនិត្យមើលទៅលើសេចក្តីព្រាងច្បាប់ដែលមានគោលបំណងធានានូវឯករាជ្យភាពនៃការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស(SAPO) នៅថ្ងៃព្រហស្បតិ៍ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





