ឥណ្ឌូណេស៊ីកំណត់គោលដៅលុបបំបាត់ភាពក្រីក្រខ្លាំងក្នុងរយៈពេល ៥ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នមានចំនួន ២៣,៨៥លាននាក់ ដែលស្មើនឹងជិត ៨,៥% នៃចំនួនប្រជាជនសរុប ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ទិន្នន័យចុងក្រោយបំផុតពីទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញថា អត្រានៃភាពក្រីក្ររបស់ប្រទេសបានធ្លាក់ចុះមកនៅត្រឹម៨,៤៧% ដែលស្មើនឹង ២៣,៨៥លាននាក់ គិតត្រឹមខែមីនា ឆ្នាំ២០២៥។ នេះបង្ហាញពីការថយចុះចំនួន ២០០.០០០នាក់បើធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៤ហើយតំណាងឱ្យអត្រាទាបបំផុតចាប់តាំងពីឆ្នាំ១៩៦០ មក។
លោក អាតេង ហាតូណូ (Ateng Hartono) មន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារ BPS បាននិយាយថា តួលេខនេះត្រូវបានគណនាដោយផ្អែកលើខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំងរបស់ធនាគារពិភពលោក ដែលកំណត់ទៅលើការចំណាយប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់ក្រោម ២,១៥ដុល្លារអាម៉េរិកដោយប្រើប្រាស់ភាពស្មើគ្នានៃអំណាចទិញ (PPP)។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថា ការកាត់បន្ថយភាពក្រីក្រមិនមែនជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋនោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជីវកម្ម និងស្ថាប័នអប់រំផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





