នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់សារជាថ្មីអំពីតម្លៃស្នូលរបស់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥។
លោកត្រូវបានទទួលស្វាគមន៍ដោយលោកបណ្ឌិត កៅ គឹមហួនអគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍នៃរដ្ឋសមាជិកអាស៊ាន។
នៅក្នុងសុន្ទរកថាស្វាគមន៍ លោកអគ្គលេខាធិការ កៅ គឹមហួន បានគូសបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន។
នេះជាលើកទីប្រាំហើយដែលម៉ាឡេស៊ីបានកាន់តួនាទីនេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះរបៀបវារៈរួមរបស់អាស៊ាន។លោកបាននិយាយថា ចាប់តាំងពីក្លាយជាសមាជិកស្ថាបនិកអាស៊ាននៅក្នុងឆ្នាំ១៩៦៧ មករហូតដល់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសំខាន់ៗ និងគាំទ្រដល់ការកសាងសហគមន៍របស់អាស៊ាន ដែលរួមមានទាំងការពង្រីកអតីតកាលរបស់ខ្លួន ក៏ដូចជាការជំរុញភាពជាដៃគូខាងក្រៅនោះ ប្រទេសម៉ាឡេស៊ីបានដើរតួនាទីជាអ្នកដឹកនាំយ៉ាងខ្ជាប់ខ្ជួនក្នុងការរៀបចំទិសដៅយុទ្ធសាស្ត្រ និងអនាគតរួមរបស់ប្លុក។
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកមិនមែនជាទម្លាប់ការងាររបស់ប្រធានអាស៊ាននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ម៉ាឡេស៊ីចំពោះឧត្តមគតិ និងអាទិភាពរបស់សមាគម។
នៅក្នុងសុន្ទរកថាគោលនយោបាយរបស់លោក មេដឹកនាំម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍កន្លងមកនេះអាស៊ានបានជំរុញតំបន់មួយដែលត្រូវបានកត់សម្គាល់យ៉ាងទូលំទូលាយដោយសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចយ៉ាងស្វាហាប់។ លោកបាននិយាយថា សមិទ្ធិផលទាំងនេះកើតចេញពីមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តកិច្ចសន្ទនា និងការកសាងការឯកភាពគ្នា ដែលអាចឱ្យរដ្ឋជាសមាជិកគ្រប់គ្រងបាននូវភាពខុសគ្នា និងទប់ស្កាត់ការកើនឡើងនៃជម្លោះ។ លោកបានកត់សម្គាល់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានបានជួយរក្សាស្ថិរភាពក្នុងតំបន់ បើទោះបីមានបញ្ហាប្រឈមកើតឡើងក៏ដោយ។
លោក អាន់វ៉ា ក៏បានរំលឹកអំពីតួនាទីរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ការសម្រុះសម្រួលភាពតានតឹងរវាងកម្ពុជា និងថៃ ជុំវិញបញ្ហាព្រំដែន ដោយអំពាវនាវឱ្យមានកិច្ចសន្ទនាគ្នាដើម្បីទប់ស្កាត់ជម្លោះ និងការបាត់បង់អាយុជីវិតប្រជាជន។
លោកបានបញ្ជាក់សារជាថ្មីនូវការជឿជាក់របស់ម៉ាឡេស៊ីទៅលើកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តចំពោះស្ថិរភាព ដោយលោកបានកត់សម្គាល់ថា គោលការណ៍ទាំងនេះរួមជាមួយនឹងការអត់ធ្មត់ទំនុកចិត្ត និងកិច្ចកាងារការទូតប្រកបដោយនិរន្តរភាព នឹងបង្កើតបានជាគុណតម្លៃស្នូលរបស់អាស៊ាន និងធានាបាននូវការឯកភាព និងភាពជាកណ្តាលរបស់ខ្លួន។
លោកបានបញ្ចប់ដោយការអំពាវនាវឱ្យអាស៊ានជំរុញបន្ថែមទៀតនូវទំនុកចិត្តជាយុទ្ធសាស្ត្រ កិច្ចសន្ទនា និងការឯកភាពគ្នាពិតប្រាកដទាំងពាក្យសម្តី និងសកម្មភាពឆ្ពោះទៅរកការកសាងសហគមន៍កាន់តែរឹងមាំ មានសន្តិភាព និងវិបុលភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





