ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួមទម្លាក់ជំនួយជាថ្មីទៅកាន់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានអនុវត្តន៍ការទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះចំនួន ២គ្រឿងចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមានការសម្របសម្រួលជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តក្នុងការផ្តល់ជំនួយសំខាន់ៗដល់តំបន់ហ្គាហ្សា ចំពេលមានការរារាំងពីអ៊ីស្រាអែល។
កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយប្រើប្រាស់យន្តហោះ C-130 ចំនួន ២គ្រឿងរបស់កងទ័ពអាកាសហ្ស៊កដានី និងកងទ័ពអាកាស UAE ដោយដឹកស្បៀងអាហារ និងជំនួយសង្គ្រោះក្នុងមូលដ្ឋានសរុបចំនួន ១៧តោន។
ការទម្លាក់ជំនួយតាមយន្តហោះលើតំបន់ហ្គាហ្សាបានបន្តឡើងវិញ ចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើប្រទេសអ៊ីស្រាអែលជុំវិញការបិទផ្លូវរបស់ខ្លួន ដែលបណ្តាលឱ្យមានការអត់ឃ្លានយ៉ាងច្រើននៅក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣ ប្រទេសហ្ស៊កដានីបានធ្វើការទម្លាក់ជំនួយតាមយន្តហោះចំនួន ១២៨លើកដាច់ដោយឡែកពីគ្នា បន្ថែមពីលើប្រតិបត្តិការរួមគ្នាចំនួន ២៦៨កលើកជាមួយប្រទេសជាដៃគូនិងជាមិត្ត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





