កូឡុំប៊ីហាមឃាត់ការនាំចេញធ្យូងថ្មទៅអ៊ីស្រាអែល ដោយសារអំពីប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូឡុំប៊ី លោក គូស្តាវ៉ូ ភែត្រូ (Gustavo Petro) បានប្រកាសពីការហាមឃាត់ទាំងស្រុងចំពោះការនាំចេញធ្យូងថ្មទៅកាន់ប្រទេសអ៊ីស្រាអែល ចំពេលដែលមានប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
គេហទំព័រសារព័ត៌មាន Uruguayan MercoPress បានរាយការណ៍ថា ការអនុវត្តនេះពង្រឹងទៅលើការហាមឃាត់ពីមុនដែលបានដាក់ចេញកាលពីក្នុងខែសីហា ឆ្នាំ២០២៤ ហើយត្រូវបានបម្រុងទុកជាការឆ្លើយតបទៅនឹងអ្វីដែលលោក ភែត្រូ បានពិពណ៌នាថាជា «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។
ក្នុងនាមជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ លោក ភែត្រូ បានបញ្ជាឱ្យកងទ័ពជើងទឹកកូឡុំប៊ី ស្ទាក់ចាប់រាល់ការនាំចេញធ្យូងថ្មទៅកាន់ប្រទេសអ៊ីស្រាអែល។
លោកក៏បានព្រមានផងដែរថា ក្រុមហ៊ុនដែលបំពានទៅលើបម្រាមនេះនឹងប្រឈមមុខនឹងការបញ្ចប់កិច្ចសន្យា។
លោកបាននិយាយថា «អ្នកដែលមិនគោរពតាមសេចក្តីសម្រេចនេះ នឹងឃើញកិច្ចសន្យារបស់ពួកគេជាមួយរដ្ឋត្រូវបានលុបចោល» ដោយយោងដោយផ្ទាល់ទៅលើក្រុមហ៊ុនរុករករ៉ែពហុជាតិ Glencore។
លោក ភែត្រូ ក៏បានរិះគន់ទៅលើសមាជិកនៃរដ្ឋបាលរបស់លោកដែលបានចោទប្រកាន់ថា បានអនុញ្ញាតឱ្យការនាំចេញធ្យូងថ្មបន្តក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានការណែនាំពីមុនក៏ដោយ។
ប្រទេសកូឡុំប៊ីផ្គត់ផ្គង់ប្រហែល ៥% នៃទិន្នផលធ្យូងថ្មរបស់ខ្លួនដល់ប្រទេសអ៊ីស្រាអែល ដែលជាប្រភពជិតពាក់កណ្តាលនៃការនាំចូលធ្យូងថ្មរបស់អ៊ីស្រាអែលពីប្រទេសកូឡុំប៊ី ដែលធ្វើឱ្យការហាមឃាត់នេះមានការរំខានគួរឱ្យកត់សម្គាល់។
ទំនាក់ទំនងការទូតរវាងទីក្រុងបូហ្គោតា និងទីក្រុងតេលអាវីវ ត្រូវបានកាត់ផ្តាច់នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការស្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។
លោក ភែត្រូ មានក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងជាថ្មី ដោយលោកបាននិយាយថា វាអាចនឹងកើតឡើង «នៅពេលដែលអំពើហិង្សាបានបញ្ចប់ហើយសន្តិភាពត្រូវបានស្តារឡើងវិញ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





