ឯកឧត្ដម ឌិត ទីណា ចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ចំនួន៤៣៥គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់សមរភូមិមុខនៅខេត្តឧត្ដរមានជ័យ។ ជនភៀសសឹកទាំងអស់នេះបានជម្លៀសខ្លួនមកកាន់ទីតាំងសុវត្ថិភាពក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជម្រាបជូនពុកម៉ែបងប្អូនអំពីកិច្ចចរចាបទឈប់បាញ់ និងស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែន និងបានសំណូមពរយ៉ាងទទូចឱ្យពុកម៉ែបងប្អូនជនភៀសសឹកទាំងអស់ រក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងរក្សាខ្លួននៅទីតាំងសុវត្ថិភាពជាបណ្ដោះអាសន្ន រហូតទាល់តែស្ថានភាពនៅតំបន់ព្រំដែនមានស្ថិរភាពពេញលេញ។

ឯកឧត្ដម ឌិត ទីណា ថ្លែងបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ខ្ញុំពិតជាមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូន ដែលបានជួបប្រទះនូវព្រឹត្តិការណ៍ដ៏លំបាកនេះ។ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហានៅតំបន់ព្រំដែនរបស់យើង បាន និងកំពុងចរចាជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានទៅដល់បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញ។

សូមជម្រាបជូនបងប្អូនថា ស្ថានភាពនៅតំបន់ព្រំដែនបច្ចុប្បន្នគឺស្ថិតនៅក្នុងការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល។ យើងនឹងជូនដំណឹងជាប្រចាំអំពីការវិវឌ្ឍន៍ថ្មីៗ។ សូមបងប្អូនរក្សាភាពស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ ហើយសូមបន្តស្នាក់នៅទីតាំងសុវត្ថិភាពនេះសិន សុវត្ថិភាពរបស់បងប្អូនគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមិនបោះបង់ចោលបងប្អូនឡើយបន្តផ្ដល់ជំនួយចាំបាច់នានា ដើម្បីធានាថាបងប្អូនមានទីជម្រកសមរម្យ អាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត។ យើងសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងវិលត្រឡប់មកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយបងប្អូននឹងអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសូមបងប្អូនរក្សាជំនឿជឿជាក់លើរាជរដ្ឋាភិបាលរបស់យើង៕
ដោយ ឈុន សារ៉ាត





