អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសូរសុខទុក្ខកុមារកំព្រាមកពីខេត្តឧត្ដរមានជ័យដែលភៀសសឹក
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ (តំណាងអភិបាលខេត្តកំពង់ឆ្នាំង) បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលថែទាំកុមារអភិវឌ្ឍន៍ថ្មី ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន៥០នាក់ មកពីមណ្ឌលកុមារស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលភៀសសឹក ដោយមានការអញ្ជើញរួមដំណើរដោយ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ សប្បុរសជន លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ ផាត សុផាន្នី បានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ ដែលមានភារកិច្ចមើលថែទាំកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែទាំ ទាំងផ្នែកជីវភាព សុខភាព រួមទាំងការសិក្សារំលឹកឡើងវិញ ក្នុងរយៈពេលខ្លី ឬរយៈពេលវែងឱ្យបានដិតដល់ ជាពិសេសយកចិត្តទុកដាក់ទៅលើសម្លៀកបំពាក់ និងសម្ភារសិក្សាត្រូវផ្គត់ផ្គង់ដល់ពួកគេឱ្យបានសមរម្យ កុំឱ្យមានការខ្វះខាត បើជួបប្រទះនូវការខ្វះខាតណាមួយ ប្រញាប់ទាក់ទងទៅកាន់អាជ្ញាធរក្រុង ឬរដ្ឋបាលខេត្ត ដើម្បីចុះដោះស្រាយជូនឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់ក្មួយៗកុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ពិសេសកុមារកំព្រាភៀសសឹកដែលកំពុងចាកចេញពីខេត្តឧត្ដរមានជ័យ។ ការទទួលបាននូវភាពកក់ក្តៅ ទាំងស្នាក់នៅ សម្លៀកបំពាក់ ការហូបចុក និងការរៀនសូត្របណ្ដោះអាសន្ន ដើម្បីឱ្យកុមារទំាងអស់នោះ ក្លាយជាទំពាំងស្នងឫស្សី ឬជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមជាតិនាពេលខាងមុខ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីកុមារទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយ របស់កុមារទំាងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ផ្អែកលើបរិបទនេះ លោកជំទាវ និងមន្ត្រីអមដំណើរបានផ្ដល់អំណោយដល់កុមារកំព្រាជារួមចំនួន៥០នាក់ និងលោកគ្រូ អ្នកគ្រូ នូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ក្នុងនោះមាន អង្ករចំនួន៥០០គីឡូក្រាម ទឹកក្រូច៥៥កេស ទឹកសុទ្ធ៥៥កេស មី៥៥កេស ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ត្រីខ២៥យួរ សាប៊ូ៥០កញ្ចប់ ទឹកដោះគោក្រដាស៥០ប្រអប់ និងថវិកាចំនួនទៀតផងដែរ៕

ដោយ បៃ ស៊ីថុន





