រយៈពេល៤ថ្ងៃ រាជធានីភ្នំពេញទទួលអំណោយសប្បុរសជននានា ជាង៩០០លានរៀល និង៣៣ម៉ឺនដុល្លារ ដើម្បីបន្តចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥-- រយៈពេល៤ថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយពីសប្បុរសជននានាបានជាង៩០០លានរៀល និងជាង៣៣ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។ ពិធីប្រគល់ និងទទួល កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញជាច្រើននាក់ ព្រមទាំងលោកនាយក លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេល៤ថ្ងៃមកនេះ អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញបានពីសប្បុរសជនកើនឡើងដល់ចំនួន៩០៤.៤៩៩.៥៨០រៀល និង៣៣៥.០៣៩,០០ ដុល្លារអាមេរិក ព្រមទាំងសម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត និងបានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ។

សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅសមរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ជា មួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមរភូមិក្រោយជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។ បងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបាន ដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសម្ភារ និងថវិកាតាមរយៈ QR Code។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ៕
ដោយ សួស សំរិត





