ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន
AKP ភ្នំពេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ក្នុងន័យស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការសម្របសម្រួលពីសំណាក់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

ជំនួបនារសៀលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី គោរពស្នើសុំការចែករំលែកពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងពិភាក្សាផ្លាស់ប្តូរយោល់ក្នុងន័យស្វែងយល់បន្ថែមអំពី ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, និងគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងប្រតិភូសាស្រ្តាចារ្យអមដំណើរ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីតថភាពកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាំងពីដើមរៀងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគម្រោងនានាដែលទទួលបានជំនួយពីជប៉ុន រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកកខ្វក់ និងការគ្រប់គ្រងកាកសំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជាដើម។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់ពីផ្តួលរលំរបបប្រល័យពូជសាសន៍ រហូតទទួលបានសុខសន្តិភាពនិងស្ថិរភាពពេញលេញ ជាមួយនឹងនយោបាយឈ្នះឈ្នះដែលបានដាក់ចេញដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) ដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជារីករាយស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជាការបោះទុកវិនិយោគនានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និងគណនេយ្យភាពយ៉ាងប្រាកដប្រជា៕
ដោយ៖ ចរិយា ប្រភព៖ CDC





