លោក ខែក ខេមរិន្ទ ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមនារី U20 កម្ពុជា ត្រៀមប្រកួតជម្រុះ AFC U20 Women’s Asian Cup
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--លោក ខែក ខេមរិន្ទ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ ដើម្បីដឹកនាំក្រុមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីក្រោម២០ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U20 Women’s Asian Cup) ដោយក្រុមកម្ពុជា ស្ថិតនៅពូល E ដែលប្រទេសចិននធ្វើម្ចាស់ផ្ទះ ប្រចាំពូល E នេះ។

ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់ប្រកាសបញ្ជីសមាសភាពកីឡាការិនីកម្ពុជា នៅឡើយទេ។ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល E ជាមួយក្រុមម្ចាស់ផ្ទះ ចិន លីបង់ និងស៊ីរី ដោយការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៦-១០ ខែសីហា ឆ្នាំ២០២៥។ ការប្រកួតជម្រុះនេះមាន ៣៣ក្រុមចូលរួម ដោយចែកចែញជា ៨ពូល ខណៈក្រុមU20 នារីថៃ ទទួលធ្វើម្ចាស់ផ្ទះ ជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៦ខាងមុខ ដោយក្រុនារីថៃមិនឆ្លងកាត់ការប្រកួតជម្រុះនេះឡើយ ដោយឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង៨ AFC កំណត់យកតែក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុម បូករួមនឹង៣ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេ (៣ក្រុម) សរុប ១១ក្រុមនឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ ថៃ សរុប ១២ក្រុម៕


ដោយ ហេង ណាលីន (រូបភាពឯកសារក្រុមនារីកម្ពុជាឈុតធំ FFC)





