ទិវារត់ប្រណាំងអន្តរជាតិចក្រភពអង្គរ ទទួលបានអ្នកចូលរួម ៤ ៥០០នាក់ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំរបស់កម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប គឺជាខួប១០ឆ្នាំ ទទួលបានការចុះឈ្មោះពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិសរុប ៤ ៥០០នាក់ ខណៈការចុះឈ្មោះបានបិទហើយ។

នេះបើតាមការគូសបញ្ជាក់របស់លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងនៅកម្ពុជា នៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះ។ លោក សែម ផល្លា បានលើកឡើងថា ការទទួលចុះឈ្មោះចូលរួមរត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាបបានចំនួន ៤ ៥០០នាក់ ដែលចំនួននេះបានកើនឡើងជាលំដាប់ ប៉ុន្តែគណៈកម្មការបានសម្រេចបិទការចុះឈ្មោះហើយ ដោយសារតែអស់សម្ភារ មេដាយ ស្លាកលេខ ម្យ៉ាងទៀតការចុះឈ្មោះមានភាពយឺតយ៉ាវពេក។ ចំពោះសម្ភារទាំងនោះត្រូវបញ្ជាទិញពីក្រៅប្រទេស ហើយរយៈពេលមិនដល់១ខែ មុនដល់ព្រឹត្តិការណ៍ប្រកួតនេះក៏មិនអាចបញ្ជាទិញបានទាន់ពេលវេលានោះដែរ ដោយត្រូវបញ្ជាទិញរយៈពេលខ្លីបំផុតត្រឹម១ខែកន្លះទៅ២ខែ។ ដូច្នេះក្នុងនាមជាអ្នករៀបចំ លោកបានស្នើសុំឱ្យកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ដែលមានបំណងចូលរួមរត់ប្រណាំងសម្រាប់ព្រឹត្តិការណ៍ក្រោយៗទៀត សូមចុះឈ្មោះឱ្យបានទាន់ពេលវេលា តាមការកំណត់របស់គណៈកម្មការរៀបចំ។

នាយកចាត់ការទូទៅរូបនេះអះអាងទៀតថា តាមពិត ពេលនេះនៅតែមានអ្នកចង់ចូលរួមរត់ប្រណាំងប្រមាណ ៥០០នាក់ទៀត ដែលចង់ចូលរួមរត់ដែរ ប៉ុន្តែចុះឈ្មោះមិនទាន់។ ចំពោះអ្នកដែលមិនបានចុះឈ្មោះ ហើយចង់ចូលរួមរត់ដែរនោះ ក៏មិនអាចអនុញ្ញាតឱ្យចូលរួមរត់នោះឡើយ ដោយសារតែការចុះឈ្មោះត្រូវមានទិន្នន័យបញ្ជូលក្នុងប្រព័ន្ធ និងត្រូវគ្រប់គ្រងចំនួនអ្នករត់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាជៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុសម្រាប់សុខភាពរបស់អ្នករត់ដែលមិនបានចុះឈ្មោះ។ គណៈកម្មការរៀបចំត្រូវធ្វើរបាយការណ៍រត់ប្រណាំងអន្តរជាតិនេះទៅកាន់អង្គការរត់ប្រណាំងអន្តរជាតិ ដោយអន្តរជាតិតែងតែតាមដានត្រួតពិនិត្យវាយតម្លៃរៀងរាល់ព្រឹត្តិការណ៍អន្តរជាតិ ខណៈកម្ពុជាក៏ជាសមាជិកពេញសិទ្ធិរបស់អង្គការរត់ប្រណាំងអន្តរជាតិ។

លោក សែម ផល្លា សង្កត់ធ្ងន់ថា យើងសង្ឃឹមថា ទិវារត់ប្រណាំងចក្រភពអង្គរ ឆ្នាំ២០២៦ខាងមុខនឹងទទួលបានការចុះឈ្មោះចូលរួមក្នុងចំនួនច្រើនជាង ៥ ០០០នាក់ ដល់ ៦ ០០០នាក់។ គោលដៅនៃកំណើនអ្នករត់ប្រណាំងនេះ ដោយសារតែទិវាកីឡាទេសចរណ៍ដ៏ធំរបស់កម្ពុជាប្រចាំឆ្នាំ នៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខែសីហានេះមានកេរ្តិ៍ឈ្មោះល្អ មានការផ្សព្វផ្សាយទូលំទូលាយ ក៏ដូចជាគណៈកម្មការរៀបចំមានដៃគូជាមួយភាគីចិន ក្នុងការបញ្ជូនអ្នករត់ប្រណាំងពីប្រទេសចិនមកចូលរួមរត់ប្រណាំងក្នុងទិវាឆ្នាំនេះ ក៏ដូចជានៅឆ្នាំក្រោយៗជាបន្តបន្ទាប់។

ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ២០២៥ គឺជាខួបលើកទី១០ ដែលគណៈកម្មការរៀបចំនឹងធ្វើពិធីអបអរសាទរមានការទូងស្គរ ការស្លៀកពាក់បែបបុរាណខ្មែរតាមក្បួនប្រពៃណីវប្បធម៌ផងដែរ។ ទិវារត់ប្រណាំងនេះត្រូវបានរៀបចំឡើង គ្នុងគោលដៅស្វែងរកមូលនិធិសប្បុរសធម៌ ក្នុងការបន្តបេសកកម្មជួយដល់មន្ទីរពេទ្យ និងអង្គការនានាផងដែរ។ ចំពោះវិញ្ញាសាដាក់ឱ្យរត់ប្រណាំង រួមមាន វិញ្ញាសារត់ ៤២គីឡូម៉ែត្រ (Full Marathon), ២១គីឡូម៉ែត្រ (Half Marathon), ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ៕

ដោយ ហេង ណាលីន





