រដ្ឋបាលខេត្តកណ្តាលបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីជូនប្រជាពលរដ្ឋចំនួន០៩ភូមិ ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ
AKP កណ្ដាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន០៩ភូមិ គឺភូមិព្រែកម្រេញ ភូមិព្រែកហង់ ភូមិក្បាលជ្រោយ ភូមិថ្មី ភូមិព្រែកតាអ៊ិន ភូមិកំពង់គរ ភូមិព្រែកតាដុល ភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្ថិតនៅបរិវេណវត្តពិជ័យសាគរ ដោយមានការចូលរួមពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានឱ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹងជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។ ការបិទផ្សាយនៃការចុះបញ្ចីដីធ្លីនាពេលនេះគឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន។



តាមរបាយការណ៍របស់ លោក ទៀង កុស្យារ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំង០៩ ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបមានចំនួនសរុប៩ ២៩០ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





