កម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំកាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ណុប ច័ន្ទណារិន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ដោយមានអ្នកចូលរួមប្រមាណជាង៤៨០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ណុប ច័ន្ទណារិន បានលើកឡើងថា វេទិកាសាធារណៈនាឱកាសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ព្រមទាំងបានចាត់ទុកថាវេទិកានេះគឺជាសិក្ខាសាលាចែករំលែក និងប្រមូលធាតុចូល និងពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ដោយពិនិត្យ និងវាយតម្លៃលើ បញ្ហា ការប្រឈម ចំណុចខ្លាំង ចំណុចខ្សោយទាំងកត្តាក្នុងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ មានដូចជា កត្តាធនធានមនុស្ស ក្របខ័ណ្ឌគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងអរូបវន្ដ កិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលនានា និងកត្តាសហគមន៍ជនបទ មានដូចជា កត្តាធនធានធម្មជាតិ សន្ដិសុខស្បៀង សន្តិសុខសង្គម វិសមភាពសង្គម ចំណាកស្រុក ភាពជាម្ចាស់សហគមន៍ជនបទ និងការប្រែប្រួលអាកាសធាតុជាដើម។


ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងឧដុង្គម៉ែជ័យបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម បែបទំនើប ជាដើមដែលបំរើឲ្យការរស់នៅសុខក្សេមក្សាន្តនិងស៊ីវិល័យរបស់ប្រជាពលរដ្ឋយើង។


ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយមហិច្ឆតា ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្ដមបានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ រដ្ឋបាលថ្នាក់ជាតិនិងក្មជាតិ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤៖ ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤. ការពង្រឹងស្ថាប័នអភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស៕
ដោយ លឹម សាន្ត





