អាជ្ញាធរខេត្តបន្ទាយមានជ័យបើកទ្វារសំណង់ពោធិ៍ពីរដើម បញ្ចៀសការជន់លិចស្រូវប្រជាពលរដ្ឋរាប់ពាន់ហិកតា
AKPបន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥--រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តបើកទ្វារសំណង់ពោធិ៍ពីរដើម ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ដើម្បីបន្ធូរទឹកដែលកំពុងជន់ឡើងខ្លាំង ក្នុងគោលបំណងបញ្ចៀសការជន់លិចស្រូវស្រាលបង្កើនរដូវប្រជាពលរដ្ឋរាប់ពាន់ហិកតា ដែលត្រៀមប្រមូលផលនាពេលខាងមុខ។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារដឹកនាំដោយ លោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធប្រឡាយ និងស្ទឹងមង្គលបូរី។

ការចុះពិនិត្យស្ថានភាពទឹក និងការរកឃើញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅឃុំសឿ ស្រុកមង្គលបូរី ដោយមានការអមដំណើរពី លោក ឡាយ សុទ្ធី អនុប្រធានក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមការងារមន្ទីរ អាជ្ញាធរឃុំសឿ និងសហគមន៍កសិករប្រើប្រាស់ទឹក។

ក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យមើលប្រព័ន្ធប្រឡាយដូនអៅ និងប្រព័ន្ធប្រឡាយព្រៃខ្ពស់ ហើយបានរកឃើញថា ស្ថានភាពស្រូវស្រាលបង្កើនរដូវរាប់ពាន់ហិកតារបស់ប្រជាកសិករកំពុងលូតលាស់បានល្អ និងត្រៀមប្រមូលផលចាប់ពីពាក់កណ្តាលខែសីហាខាងមុខនេះ។ ទន្ទឹមនឹងនេះ ស្ថានភាពទឹកនៅតាមប្រព័ន្ធប្រឡាយទាំងពីរ ក៏មានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។
បន្ទាប់ពីពិនិត្យប្រព័ន្ធប្រឡាយទាំងពីរ ក្រុមការងារបានបន្តដំណើរទៅពិនិត្យមើលស្ថានភាពទឹកស្ទឹងមង្គលបូរីនៅប៉ែកខាងលើ ត្រង់ចំណុចសំណង់ព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា ទឹកស្ទឹងបានជន់ឡើងជាបន្តបន្ទាប់ ដោយសារតែមានភ្លៀងធ្លាក់ពីប៉ែកខាងលើច្រើនដែលជាកត្តាជំរុញឲ្យមានការសម្រេចចិត្តបន្ទាន់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសចុះពិនិត្យនោះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា«ស្ថានភាពទឹកឆ្នាំនេះ មានការប្រែប្រួលគួរឲ្យបារម្ភ ដោយសារបរិមាណទឹកហូរចូលមានច្រើន។ ដើម្បីការពារផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលខិតខំដាំដុះ ហើយជិតដល់រដូវប្រមូលផលនេះ យើងត្រូវតែចាត់វិធានការជាបន្ទាន់។ ការសម្រេចចិត្តបើកទ្វារទឹកសំណង់ពោធិ៍ពីរដើមនេះ គឺដើម្បីរំដោះទឹកចេញ កុំឲ្យលិចលង់ស្រូវរាប់ពាន់ហិកតា ដែលអាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កសិករ»។ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករ ឲ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងសហការជាមួយមន្ទីរជំនាញ ដើម្បីធានាបាននូវការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព។
ជុំវិញបញ្ហានេះ លោក ឡាយ សុទ្ធី អនុប្រធានក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយម បានលើកឡើងថា «មន្ទីរធនធានទឹក និងឧតុនិយម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបម្រែបម្រួលអាកាសធាតុ និងស្ថានភាពទឹកនៅទូទាំងខេត្ត។ ការបើកទ្វារសំណង់ពោធិ៍ពីរដើមនេះ គឺជាវិធានការចាំបាច់មួយដើម្បីធានាថា ប្រព័ន្ធធារាសាស្ត្រដំណើរការបានល្អ និងជួយការពារផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។ យើងក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ជាបន្ទាន់នូវរាល់បញ្ហាពាក់ព័ន្ធនឹងទឹក ដើម្បីឲ្យអាជ្ញាធរមានសមត្ថភាពអាចចាត់វិធានការទាន់ពេលវេលា»។
ការបើកទ្វារសំណង់ពោធិ៍ពីរដើមនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយសម្ពាធទឹកនៅក្នុងប្រព័ន្ធប្រឡាយ និងស្ទឹងមង្គលបូរីបានមួយកម្រិតធំ ដែលនឹងជួយការពារស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវនិរន្តរភាពនៃផលិតកម្មកសិកម្ម និងសុវត្ថិភាពសម្រាប់សហគមន៍៕
ដោយ៖ ឈុនសារ៉ាត





