បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ឆមាសទី១ ឆ្នាំ២០២៥ ដាក់ចេញទិសដៅអនុវត្តបន្ត និងប្រគល់ថវិកាគោលនយោបាយជូនយោធិននារីសម្រាកលំហែរមាតុភាព
AKPកំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤កាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៥បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រនិងសកម្មភាពការងាររបស់យោធិននារី ឆមាសទី១ ឆ្នាំ២០២៥ ដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនិងបើកប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ជូនយោធិននារីសម្រាកលំហែរមាតុភាពចំនួន២ រូប ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកស្រីវរសេនីយ៍ទោ យូរ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍ លទ្ធផលការងារសំខាន់ៗមួយចំនួន ក្នុងភារកិច្ចការងារបញ្ជ្រាបយេនឌ័រជូនដល់យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងគូសបញ្ជាក់អំពីលទ្ធផលសកម្មភាពការងាររបស់យោធិននារី ក្នុងភារកិច្ចស្នូលនៅតាមអង្គភាព និងស្ថាប័ប័នជំនាញនីមួយៗ ទទួលបានលទ្ធផលល្អប្រសើរ។ដោយឡែកយកធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមផងដែរ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកអប់រំចិត្តសាស្ត្រនិងការងារយេនឌ័រ បានឡើងធ្វើបទអន្តរាគមន៍ ដោយបានគូសបញ្ជាក់ អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងលទ្ធផលសំខាន់ៗមួយចំនួនដែលយោធិននារីខិតខំសម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះព្រមទាំងបានណែនាំនូវភារកិច្ចសំខាន់ៗមួយចំនួន ដែលយោធិននារីត្រូវអនុវត្តន៍បន្ត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមជាមួយយោធិននារីគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ជួយដល់ក្រុមគ្រួសារយោធិន នៅក្នុងអង្គភាព បបងប្អូនអតីតយុទ្ធជននិងប្រជាជនដែលជួបការលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាផងដែរ ។ ជាមួយនោះដែរ ថ្នាក់ដឹកនាំយោធិននារីរបស់យើងក៏បានយកចិត្តទុកដាក់អប់រំរៀនសូត្រ ក្នុងការបញ្ច្រាបយេនឌ័រជូនដល់យោធិនគ្រប់រូប ឱ្យបានយល់ច្បាស់អំពីសិទ្ធិស្មើគ្នារវាងបុរសនិងនារី និងសមភាពយេនឌ័រ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនយោធិននារីសម្រាកលំហែរមាតុភាពចំនួនពីររូប ដោយក្នុង១រូបៗ ទទួលបានថវិកាចំនួន១លានរៀល ក្នុងនោះថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិចំនួន ៨០ម៉ឺនរៀលនិងថវិកាអង្គភាពចំនួន ២០ម៉ឺនរៀលនិងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្តនៅក្នុងឆមាសទី២ឆ្នាំ២០២៥ ផងដែរ៕
ដោយ៖ ស៊ុម វណ្ណា, ប្រភពតំបន់សឹករងកំពង់ធំ





