អត្តពលិករាំ ដែលដណ្តើមបានមេដាយ ១៨គ្រឿងពីការប្រកួតជើងឯក នៅវៀតណាម មកដល់មាតុប្រទេសវិញ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--ប្រតិភូកីឡារាំកម្ពុជា ដែលដណ្តើមបានមេដាយសរុប១៨គ្រឿង មានមេដាយមាស ៣ ប្រាក់៤គ្រឿង និងសំរឹទ្ធ១១គ្រឿងពីការប្រកួតកីឡារាំអាស៊ីអាគ្នេយ៍នៃព្រឹត្តិការណ៍ជើងឯកអាស៊ី-ជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥បានវិលត្រឡប់តាមរថយន្តក្រុងមកដល់មាតុប្រទេសវិញ នៅព្រលប់ ថ្ងៃទី១៤ ខែកក្កដានេះ។

ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាំកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរមកដល់ពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានកិត្តិយសសហព័ន្ធ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ និងមន្ត្រីសហព័ន្ធជាច្រើនរូបប្រកបដោយភាពរីករាយ និងមោទនភាពជាតិ។

លោកជំទាវ ញ៉ែម មរកត មានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវពិតជារំភើបរីករាយជាខ្លាំង ដែលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីបានចូលរួមប្រកួតនៅប្រទេសវៀតណាម នាពេលនេះ ដោយបាននាំយកមកជាមួយនូវមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ១៨គ្រឿងមកជូនជាតិ គួរជាទីមោទនៈ។

លោកជំទាវប្រធានសហព័ន្ធសង្កត់ធ្ងន់ថា សមិទ្ធផលមេដាយទាំងនេះ គឺជាលទ្ធផលលើសពីការរំពឹងទុក ដោយកីឡាករ កីឡាការិនីរាំកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការប្រឹងប្រែងប្រកួតរបស់អត្តពលិករាំកម្ពុជាបង្ហាញថា ប្រភេទកីឡារាំកម្ពុជារីកចម្រើន ហើយជាជំហានថ្មីមួយទៀត ក្នុងការជំរុញឱ្យយើងទាំងអស់គ្នាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឱ្យកាន់តែប្រសើរ និងត្រៀមឆ្ពោះទៅចូលរួមការប្រកួតកម្រិតអន្តរជាតិ ជាបន្តបន្ទាប់ទៀត។

លោកជំទាវ ញ៉ែម មរកត គូសបញ្ជាក់ទៀតថា កត្តាជោគជ័យនេះ គឺស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជំរុញឱ្យវិស័យកីឡានានា នៅក្នុងប្រទេសកម្ពុជាបានរីកចម្រើន។ ជាមួយនឹងការលើកទឹកចិត្តជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំគ្រប់ពេលវេលានោះហើយ ទើបសហព័ន្ធកីឡារាំកម្ពុជាខិតខំប្រឹងប្រែងរួមគ្នាទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់គ្នា។

គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ កីឡាការិនី ១៨នាក់ ដឹកនាំដោយលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូ និងលោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ។ ព្រឹត្តិការណ៍នៅវៀតណាមឆ្នាំ២០២៥នេះ មានកីឡាករ កីឡាការិនីជាង ៣០០០នាក់ មកពី៣៧ប្រទេសចូលរួម៕
ដោយ ហេង ណាលីន





