លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ TYDA ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្ដព្រះវិហារ ដោយឥតគិតថ្លៃ
AKP ព្រះវិហារ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ សរុបចំនួន៤៨២៦នាក់ ស្មើនឹង ៩៤៨០ករណី ដោយឥតគិតថ្លៃ នៅស្រុករវៀង ខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅនៅបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផតអិតផត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខភាពសាធារណៈ។ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិតមានសេចក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ ដោយក្រុមគ្រូពេទ្យដែលមានបទពិសោធ និងជំនាញឯកទេសខ្ពស់ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ពិនិត្យជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើរស្បែក ជំងឺត្រចៀក ច្រមុះ បំពងក ថតកាំរស្មី ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១៣ឆ្នាំមកហើយ ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់ ៕



ដោយ ៖ទិត ស្រ៊





