សម្ដេចតេជោ ស្នើឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ ថាក់ស៊ីន ថា មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ ថាក់ស៊ីន ថា មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់នោះ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា សូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង។ ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ អីចឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែកក្កដា ២០២៥ ប៉ូលីសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។
សម្ដេចតេជោបានបញ្ជាក់ថា៖ « ដូច្នេះខ្ញុំសូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់»។ សម្ដេចតេជោលើកឡើងថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញ គឺជារឿងអសីលធម៌នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលរឿងនេះ វាតម្រូវឱ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ ស៊ីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៊ីន នេះឯង។ សម្ដេចតេជោបានគូសបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះ ដួលរលំមុនពេលល្បែងលេងចប់។ ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីខ្ញុំនិយាយពីរឿង ថាក់ស៊ីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា (ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ស៊ីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ស៊ីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង»។
ជាមួយគ្នានេះ សម្តេចតេជោបានអះអាងថា បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឱ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕

ដោយ៖ ជឹម ណារី





