ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍បញ្ចប់ដោយជោគជ័យខណៈម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយ ២៨គ្រឿង
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាយរយៈពេល៦ថ្ងៃ ខណៈម្ចាស់ផ្ទះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងចំណោម៥ប្រទេស។

លទ្ធផលបច្ចេកទេស រួមមាន៖ មីយ៉ាន់ម៉ា ឈរនៅលេខ១ មេដាយសរុប ២២គ្រឿង (មាស ១២ ប្រាក់៣ និងសំរឹទ្ធ ៧), ម្ចាស់ផ្ទះកម្ពុជា លេខ២ មេដាយសរុប ២៨គ្រឿង (មាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១), ឡាវ លេខ៣ មេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៧, ទីម័រខាងកើត មេដាយសំរឹទ្ធ ៥ និងព្រុយណេ មេដាយសំរឹទ្ធ ៤គ្រឿង។
ថ្លែងបិទការប្រកួតជាផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងនិងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាលើកឡើងថា ព្រឹត្តិការណ៍កីឡាមួយនេះអាចដំណើរការបាន ដោយសារតែមានការឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធកីឡាវាយសីអន្តរជាតិអាស៊ី និងថវិកាបដិភាគពីសហព័ន្ធកីឡាវាយសីកម្ពុជា។ ការប្រកួតបានដំណើរប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ក្រោមម្លប់នៃសន្តិភាព ដោយមានការដឹកនាំពីអគ្គមគ្គុទេសក៍ដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដឹកនាំ ប្រកបដោយភាពស្វាហាប់ មោះមុត និងថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ធ្វើឱ្យកម្ពុជានាំមកនូវសុខសន្តិភាពពេញលេញ ហើយកីឡាជាច្រើនប្រភេទត្រូវបានបង្កើតឡើងពាសពេញទូទាំងប្រទេស រហូតដល់មានពាក្យ ស្លោកមួយឃ្លា នៃស៊ីហ្គេមឆ្នាំ២០២៣ ចែងថា “កីឡារស់ក្នុងសន្តិភាព” ។

ប្រធានសហព័ន្ធមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡានេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារមានការចូលរួមគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដូចជា៖ ក្រុមការងារ ធ្វើបដិសណ្ឋារកិច្ច ដឹកជញ្ជូន សន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល អនាម័យ និងក្រុមការងារចាត់តាំងការប្រកួតជាដើម ដែលបានយកអស់ស្មារតីទាំងកម្លាំងកាយ ចិត្តអនុវត្តភារកិច្ចរៀងខ្លួនប្រកបដោយជោគជ័យ។

ឯកឧត្តម លី កុសល គូសបញ្ជាក់ថា ឆ្លងកាត់ការប្រកួតពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នេះបានបង្ហាញឱ្យឃើញថា កីឡាករ កីឡាការិនីទាំងអស់បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមោះមុត ការតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រកួតគ្រប់វិញ្ញាសាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមមេដាយជូនជាតិរៀងៗខ្លួន។ នៅចុងបញ្ចប់នៃការប្រកួត គណៈកម្មការបានរកឃើញកីឡាករ កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ និងកីឡាករ កីឡាការិនី នៅមានកម្រិតខ្សោយបានយ៉ាងពិតប្រាកដ តាមរយៈលទ្ធផលជាក់ស្តែង។ «ខ្ញុំសូមចូលរួមអបអរសាទរចំពោះកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី និងចំពោះកីឡាករ កីឡាការនី ដែលចាញ់ សូមកុំអស់សង្ឃឹមត្រូវតែដកបទពិសោធន៍ ខិតខំពង្រឹង ការហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះ នៅពេលអនាគតឱ្យបាន»។

ព្រឹត្តិការណ៍កីឡាវាយសីនេះ ថ្វីត្បិតបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែកិច្ចសហការ សាមគ្គីភាព មិត្តភាពដ៏ស្អិតរមួត អនុស្សាវរីយ៍ល្អៗជាច្រើន ដែលសាងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបន្សល់ទុកនូវស្នាមញញឹម ភាពរស់រាយរាក់ទាក់ មនោសញ្ចេតនានៃក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរវាងកីឡាករ កីឡាការិនី និងប្រតិភូនៃប្រទេសទាំង៥ ក្នុងសហគមន៍អាស៊ីអាគ្នេយ៍ នៅតែដិតជាប់ក្នុងអារម្មណ៍របស់យើងទាំងអស់គ្នា ឱ្យចង់ចាំជានិច្ចទោះបីត្រូវចាកចេញទៅប្រទេស រៀងៗខ្លួននៅថ្ងៃស្អែកនេះក៏ដោយ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចបានជួបគ្នាសារជាថ្មីនៅចុង ឆ្នាំ២០២៦ ប្រសិនបើកម្ពុជានឹងត្រូវបានធ្វើជាម្ចាស់ផ្ទះម្តងទៀត។

ជាមួយគ្នានេះ ឯកឧត្តម លី កុសល ក៏បានថ្លែងអំណរគុណដល់លោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី និងសហរីទាំងអស់ ដែលបានលះបង់ពេលវេលា និងថវិកាសម្រាប់ឧបត្ថម្ភការប្រកួតមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងសូមអរគុណដល់ប្រតិភូប្រទេសទាំងបួនមាន ព្រុយណេ ឡាវ មីយ៉ាន់ម៉ា និង ទីម័រខាងកើត។ ឯកឧត្តមកោតសរសើរដល់អត្តពលិកទាំងអស់ ដែលបានបញ្ចេញកាយវិកាជាវិជ្ជមាន ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអត្តចរិតសីលធម៌ គុណតម្លៃនៃចលនាស្មារតីអូឡាំពិកបានល្អ ក្នុងការចូលរួមការប្រកួតប្រជែងដោយយុត្តិធម៌ គោរពតាមគោលការណ៍ Fair play ហើយក៏អរគុណដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ ដែលបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការវិនិច្ឆ័យគ្រប់វិញ្ញាសានៃការប្រកួតស្របតាមបទបញ្ញត្តិ បទបញ្ជានៃការប្រកួតអន្តរជាតិផងដែរ៕
ដោយ ហេង ណាលីន





