ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ ការចាប់ដៃគូរវាង EFC សមាគមវប្បធម៌ចិន និងអេជី ថេកណូឡូជី ជួយជំរុញ និងអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកកម្ពុជាកាន់តែប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក (EFC) បានគូសបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង EFC សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ជាការជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការចែករំលែកបទពិសោធ សមត្ថភាព និងធនធានចម្បងៗ ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ។ ការគូសបញ្ជាក់របស់ឯកឧត្តមបែប នេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ភោជនីយដ្ឋាន Premier Palace។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ លើកឡើងថា គោលបំណងសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីអភិវឌ្ឍន៍កីឡាអេឡិចត្រូនិក (Esports) នៅតំបន់អង្គរ ខេត្តសៀមរាប ដោយផ្តោតលើការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងកីឡាអេឡិចត្រូនិក។ ការរៀបចំព្រឹត្តិការណ៍បែបបង្ហាញវប្បធម៌ និងការប្រកួតប្រជែងកីឡាអេឡិចត្រូនិក។ ការផ្លាស់ប្តូរយុវជន និងអ្នកជំនាញរវាងប្រទេសទាំងពីរ និងការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងការគាំទ្រផ្នែកគ្រប់គ្រង។

ឯកឧត្តមប្រធាន EFC បន្ថែមថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមសហការយ៉ាងជាផ្លូវការរវាងអង្គភាពពីរនេះ ដែលមានគោលបំណងដ៏ល្អឥតខ្ចោះក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិក នៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធ សមត្ថភាព និងធនធានចម្បងៗ ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ។ ឯកឧត្តមបណ្ឌិតបានឱ្យដឹងទៀតថា តាមរយៈការចូលរួមរបស់សមាគមវប្បធម៌ចិន យើងកាន់តែជឿជាក់ថា វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជានឹងទទួលបានការគាំទ្រដែលមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដូចជា ការខ្វះការបណ្តុះបណ្តាល, ការអភិវឌ្ឍអគារសម្ពន្ធ, ការគាំទ្រថវិកា និងការទទួលស្គាល់ជាផ្លូវការអន្តរជាតិ។

លើសពីនេះ កិច្ចសហការនេះនឹងក្លាយជាប្រភពចម្បង ក្នុងការលើកកម្ពស់សិទ្ធិយុវជនក្នុងការចូលរួមសកម្មភាពសង្គម បង្កើតគំនិតច្នៃប្រឌិត បង្កើតអាជីពថ្មីៗ ហើយផ្តល់ឱកាសឱ្យពួកគេចូលរួមក្នុងចលនាពិភពលោក។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺមានគោលបំណងច្បាស់លាស់ក្នុងការក្លាយជាកន្លែងរួមសម្រាប់យុវជនដែលមានសក្ដានុពល និងបំណងប្រាថ្នា ដើម្បីអភិវឌ្ឍខ្លួនឯង តាមរយៈកីឡាឌីជីថល។ ការចូលរួមជាមួយដៃគូអន្តរជាតិ ដូចជាសមាគមវប្បធម៌ចិន គឺជាវិធីដ៏ល្អក្នុងការដោះស្រាយសម្ពាធនានា និងបង្កើតចម្ងាយនៃភាពជោគជ័យផងដែរ៕
ដោយ៖ ហេង ណាលីន,រូបភាព៖ លន ហ្សាឌីណា





