លោកជំទាវ គឹម ស៊ីផាត់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំ និងអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅថ្នាក់ក្រោមជាតិ»
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំ និងអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅថ្នាក់ក្រោមជាតិ» ដឹកនាំដោយលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី នៅខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរកិច្ចការនារីរាជធានី-ខេត្ត ក្នុងការរៀបចំ និងអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលមានអ្នកចូលរួមសរុបចំនួន៥៣រូប ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលបានផ្តោតលើរបៀបវារៈ ចំនួន០៤ រួមមាន៖ ១. ភាពជាអ្នកដឹកនាំបែបវិជ្ជមាន ២. ផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៤-២០២៨) ៣. ការរៀបចំវេទិកានិងកម្មវិធីនានាក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី នៅថ្នាក់ក្រោមជាតិ និង៤. ទិសដៅបន្តរបស់មន្ទីរកិច្ចការនារីរាជធានី ខេត្តនីមួយៗ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





