សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិជួរមុខ នៅទិសភូមិភាគទី៤ខេត្តព្រះវិហារ
AKP សៀមរាប ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តរាជបូណ៌ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទ នៅក្នុងខេត្តសៀមរាប រួមជាមួយបណ្តាខេត្តមួយចំនួនទៀតទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលជាតិជួរមុខ នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតនៅស្រុកស្រអែម ខេត្តព្រះវិហារ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីការអរគុណដល់កងកម្លាំងជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ សម្តេចផ្ទាល់មានព្រះទ័យស្រណោះកងកម្លាំងដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង ឆ្ងាយកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្តាយ ហាលភ្លៀងហាលខ្យល់ ដើម្បីទឹកដីខ្មែរ និង ប្រជារាស្រ្តខ្មែរបានសុខសាន្ត។ សម្តេចមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់ វាមិនខុសឆ្គងទាំងច្បាប់រដ្ឋ និងច្បាប់សាសនា ។ លើសពីនេះសម្តេចបន្ថែមថា ការពារទឹកដីនេះជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ ហើយផលនៃកតញ្ញូនេះនឹងនាំឱ្យកងកម្លាំងប្រកបតែនឹងសុខចម្រើនជានិច្ច។

សម្តេចបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានជោគជ័យលើសត្រូវដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែលរបស់ស្ថាបនិក អគ្គមគ្គទេស៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងដើម្បីអនុវត្តឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាបញ្ជាក់ថា យើងទាំងអស់គ្នាជាមិត្តរួមគ្នា៣យ៉ាងទាំងព្រះសង្ឃ ពុទ្ធបរិស័ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ទី១ គឺរួមជាតិ ទី២ គឺរួមសាសនា ទី៣ គឺរួមទុក្ខ។ ដូចនេះ ថ្ងៃនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមកសួរសុខទុក្ខកងកម្លាំងនគរបាលជាតិជួរមុខដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ដូចនេះយើងត្រូវតែរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីការពារបូរណភាពទឹកដីរបស់យើង ដោយអ្នកខាងក្រោយជួយជ្រោមជ្រែងអ្នកខាងមុខ៕
ដោយ ឃុត សៅ





