សម្ដេចតេជោ ហ៊ុន សែន រំពឹងថាក្រោយសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រំពឹងថាក្រោយសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ។

ក្នុងពីធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាម៉េរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា។ សម្តេចតេជោបានបញ្ជាក់ថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ឈ្មោះដើមហៅថា សាកលវិទ្យាល័យមហាឥសីវេទ បង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និង សម្តេចក្រឡាហោម ស ខេង ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជាជាមួយអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា ក្នុងគោលបំណងចង់ឱ្យសិស្សដែលបញ្ចប់ ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ និងបណ្តាខេត្តផ្សេងៗទៀត អាចមានលទ្ធភាពបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យបានប្តូរឈ្មោះជាបន្តបន្ទាប់មកជា សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ដូចសព្វថ្ងៃ។ ចាប់ពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូន សម្តេចក្រឡាហោម ស ខេង ដឹកនាំកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់សាកលវិទ្យាល័យ និងត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣។ បច្ចុប្បន្នសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានមហាវិទ្យាល័យចំនួន០៥ រួមមាន ១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។ ២-មហាវិទ្យាល័យវិទ្យាសាស្ត្រ និងគណិតសាស្ត្រ។ ៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម។ ៤-មហាវិទ្យាល័យគ្រប់គ្រង។ ៥-មហាវិទ្យាល័យកសិកម្ម និង វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍។ មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាចំនួន ៦ ៦៨៧នាក់ ស្រី ៣ ៨៧៣នាក់ ដែលស្មើនឹង ៥៨% និងមានបុគ្គលិកអប់រំសរុប ៣៤២នាក់៕
ដោយ៖ ជឹម ណារី





