អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ជាការឧបត្ថម្ភគាំទ្ររបស់សប្បុរសជនមកពីប្រទេសន័រវេស
AKP ព្រះវិហារ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មាន ៦បន្ទប់ នៅសាលាបឋមសិក្សាក្រពើប្រាំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ អគារសិក្សាថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រពើប្រាំ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ដែលត្រូវបានសាងសង់ដោយចំណាយថវិកាអស់ ៤០ ០០០ ដុល្លារ ជាការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីលោក ប៉ែន ស៊ីវុន និងភរិយា រួមទាំងសប្បុរសជននានាមកពីប្រទេសន័រវេស ដោយដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរួចរាល់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លោក ប៉ែន ស៊ីវុន បានថ្លែងថា កន្លងមកលោកបានចូលរួមសាងសង់សាលារៀន និងមន្ទីរពេទ្យជាច្រើនកន្លែងរួចមកហើយជាមួយរាជរដ្ឋភិបាលកម្ពុជា។ ជាក់ស្ដែង នៅពេលដែលលោកបានមកដល់សាលាបឋមសិក្សាក្រពើប្រាំ ហើយឃើញស្ថានភាពចាស់ទ្រុឌទ្រោម លោកក៏បានសម្រេចចិត្តសាងសង់អគារសិក្សាថ្មីនេះភ្លាមៗ ដើម្បីបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់សិស្សតូចៗក្នុងការសិក្សារៀនសូត្រ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកបានចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលសកម្មភាពសប្បុរសធម៌នេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាទទួលបាន។

លោក ប៉ែន ស៊ីវុន សង្ឃឹមថា អគារសិក្សាថ្មីនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់លោក ប៉ែន ស៊ីវុន និងសប្បុរសជននានាមកពីប្រទេសន័រវេស ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារសាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុកសង្គមថ្មី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកៀរគរ និងទាក់ទាញវិនិយោគិន ក៏ដូចជាសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់វិស័យអប់រំ ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រក្នុងបរិយាកាសសមរម្យ និងប្រកបដោយគុណភាព។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរក និងកៀរគរអ្នកវិនិយោគ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យមកបន្តចូលរួមវិនិយោគ និងជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើទៅកាន់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់មួយសម្រាប់ទៅអនាគត ហើយក្លាយជាធនធានដ៏មានតម្លៃសម្រាប់យកមកអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ ស្រុក និងខេត្តរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនទៅមុខទៀត៕


ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





