ថ្នាក់ដឹកនាំនាយកដ្ឋានអភិរក្សចុះគម្រោងអភិរក្ស និងជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានចុះពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិរក្ស ជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលមន្ត្រីកំពុងអនុវត្តមានដូចជាប្រាសាទប្រាំ ប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ប្រាសាទដងទង់ និងប្រាសាទក្រហម។

ក្នុងពេលនោះផងដែរ ថ្នាក់ដឹកនាំនាយកដ្ឋានបានផ្តល់យោបល់បច្ចេកទេសបន្ថែម និងលើកទឹកចិត្តដល់មន្រ្តីដែលកំពុងអនុវត្តគម្រោងឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយមុន និងក្រោយពេលអភិរក្ស និងជួសជុល ដើម្បីជាឯកសារសម្រាប់អ្នកជំនាន់ក្រោយៗស្រាវជ្រាវបន្ត៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





