ឯកឧត្តម តូច ប៉ូលីរ៉ា ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ខ្ពស់បំផុតលើពលករមកពីប្រទេសថៃវិលចូលស្រុកកំណើត
AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទទួលពលករចំណាកស្រុក ដែលវិលត្រឡប់មកពីព្រះរាជាណាចក្រថៃមកព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងបែងចែកតួនាទីភារកិច្ចដល់ក្រុមការងារ នៅសាលប្រជុំនៃអគាររដ្ឋបាលខេត្ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីរ៉ា បានមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីទទួល និងសម្របសម្រួលដល់ការវិលត្រឡប់របស់ពលករមកពីប្រទេសថៃចូលស្រុកកំណើតវិញឱ្យបានរលូន និងមានសុវត្ថិភាព។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការត្រៀមបង្ការ ដើម្បីផ្តល់ជំនួយចាំបាច់ដល់ពលករដែលវិលត្រឡប់មកវិញ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។ ជាមួយគ្នានេះអាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ច ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងជួយរៀបចំឯកសារផ្សេងៗជូនបងប្អូន ក្នុងករណីមានការបាត់បង់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំផែនការទទួល ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជាវិញ រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្កើតក្រុមការងារទទួលខុសត្រូវ និងបែងចែកតួនាទីភារកិច្ចដល់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមជួយលើការងារទទួលពលករទោះបីបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញមានចំនួនតិចក្តីច្រើនក្តី ដោយក្រុមការងារបានរៀបចំជារថយន្តសម្រាប់ដឹកជញ្ជូនពលករ រៀបចំទីតាំងចំណតចុះចតតាមបណ្តាក្រុងស្រុក ទាំង៩ រៀបចំក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ពួកគាត់ ២៤ម៉ោង រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ជួយសម្របសម្រួលឯកសារផ្សេងៗ ពាក់ព័ន្ធនឹងឯកសារសុំចូលបម្រើការងារ (ពន្លឿនការបញ្ជាក់ឯកសារផ្សេងៗ…) រៀបចំឱ្យមានការចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយស្វែងរកការងារជូនពួកគាត់ធ្វើតាមសមត្ថភាពនិងជំនាញ ផងដែរ ។ល។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងលើកទឹកចិត្តឱ្យបងប្អូនដែលវិលត្រឡប់មកមាតុភូមិវិញទាំងអស់បន្តមានក្តីសង្ឃឹម និងជឿជាក់លើរដ្ឋបាលខេត្តកំពង់ស្ពឺដែលតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងស្វែងរកនូវឱកាសការងារ ក៏ដូចជាធានានូវលក្ខខណ្ឌការងារសមរម្យសម្រាប់បងប្អូនពលករទាំងអស់ដែលវិលត្រឡប់មកស្រុកកំណើតក៏ដូចជាមាតុភូមិវិញ៕


ដោយ លឹម សាន្ត





