ក្រុមជម្រើសជាតិនារីកម្ពុជាឈ្នះក្រុមហ្គាំ ១-០ មុនចាប់ផ្តើមបេសកកម្មវគ្គជម្រុះ AFC Women's Asian Cup
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានយកឈ្នះក្រុមបាល់ទាត់នារីកោះហ្គាំ (GUAM) ដោយលទ្ធផលបច្ចេកទេស ១-០ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនពេលដែលត្រូវបន្តបេសកកម្មរៀងៗខ្លួន ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី (AFC Women's Asian Cup Australia 2026) ឆាប់ៗនេះ។

ក្នុងជំនួបមិត្តភាពអន្តរជាតិដ៏ជក់ចិត្តនេះ មួយគ្រាប់ជ័យជម្នះរបស់ក្រុមនារីកម្ពុជា ធ្វើសម្រេចដោយកីឡាការិនី សឿន វិផា នាទីទី១៧។ បើទោះបីជាក្រុមម្ចាស់ផ្ទះ នារីកម្ពុជាបានបន្តដាក់សម្ពាធច្រើនលើក្រុមភ្ញៀវនារីហ្គាំ ជាច្រើនលើកក្តី ក៏មិនអាចធ្វើសម្រេចគ្រាប់បាល់បន្ថែមទៀតបានឡើយ ខណៈកីឡាការិនីអ្នកចាំទីសង្គ្រោះបាល់ពីការទាត់របស់ខ្សែប្រយុទ្ធនារីកម្ពុជាបានយ៉ាងច្រើនផងដែរ។ ចំពោះក្រុមនារីហ្គាំ ក៏មានឱកាសល្អៗមួយចំនួនដែរ ប៉ុន្តែក៏មិនអាចសម្រេចទីបានលើក្រុមម្ចាស់ផ្ទះបានដែរ។

តាមរយៈជំនួបមិត្តភាពអន្តរជាតិរបស់ក្រុមទាំងពីរ គឺដើម្បីបង្កើនគុណភាពបច្ចេកទេសរៀងៗខ្លួន ដើម្បីត្រៀមការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី (AFC Women's Asian Cup Australia 2026) ដោយក្រុមហ្គាំ ត្រូវប្រកួតជម្រុះ ក្នុងពូល E ជាមួយក្រុមអារ៉ាប់រួម ម៉ាល់ឌីវ និងក្រុមវៀតណាម ដែលជាម្ចាស់ផ្ទះ ប្រចាំពូល E នេះ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះ ប្រចាំពូល G ជាមួយ ៣ក្រុមផ្សេងទៀត រួមមាន ហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាវអូឌីត។ សម្រាប់ ៣ប្រកួតរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកួតទី១ ក្រុមនារីកម្ពុជាត្រូវប៉ះជាមួយក្រុមហុងកុង វេលាម៉ោង ១៩:០០ ថ្ងៃទី២៩ ខែមិថុនា ២០២៥, ប្រកួតទី២ ក្រុមកម្ពុជាប៉ះក្រុមហ្វីលីពីន វេលាម៉ោង ១៩:០០ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ និងប្រកួតទី៣របស់ក្រុមនារីកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមអារ៉ាប់ប៊ីសាវអូឌីត នាវេលាម៉ោង ១៩:០០ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នារី ពានរង្វាន់ទ្វីបអាស៊ី នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ (ជុំផ្តាច់ព្រ័ត្រ) AFC Women's Asian Cup Australia 2026 Qualifiers គឺមាន៣៤ក្រុមចូលរួមត្រូវបានបែងចែកជា៨ពូល ក្នុងនោះមានតែពូល A និងB ប៉ុណ្ណោះ ដែលមាន៥ក្រុមដូចៗគ្នា ខណៈ៦ពូលផ្សេងទៀតមាន៤ក្រុមស្មើៗគ្នា។ បន្ទាប់ពីមានការប្រកួតប្រជែងបានបញ្ចប់នៃពូលទាំង៨ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុម (១ពូលយកតែ១ក្រុម ចំណាត់ថ្នាក់លេខ១) នឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសអូស្រ្តាលី នាឆ្នាំ២០២៦ ជាមួយ៤ក្រុមដែរឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ (សរុប ១២ក្រុម) គឺម្ចាស់ផ្ទះ អូស្រ្តាលី (ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦) ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលក្រុមចិន ជាក្រុមជើងឯក កូរ៉េខាងត្បូង ជើងឯករង និងជប៉ុន ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





