ជម្រើសជាតិនារីកម្ពុជាប៉ះក្រុមហ្គាំ យប់នេះមុនធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G ពាន AFC Women's Asian Cup
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានឹងត្រូវប្រកួតមិត្តភាពសាកស្បងបច្ចេកទេសជាមួយក្រុម ហ្គាំ នៅវេលាម៉ោង ៧យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនទទួលធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G ពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ី (AFC Women's Asian Cup Australia 2026) ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញស្តីពីការប្រកួតមិត្តភាពអន្តរជាតិនេះ លោក Conor Nester គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជាបានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមនារីហ្គាំ គឺជាការត្រៀមខ្លួនមួយដ៏ល្អ សម្រាប់លេងវគ្គជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ពីព្រោះ ក្រុមនារីហ្គាំទើបលេងជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដែលស្ថិតក្នុងពូលជាមួយកម្ពុជាដែរ។ ដូច្នេះកម្ពុជានឹងព្យាយាមលេងឱ្យអស់ពីសមត្ថភាព តាមការរៀបចំក្រុម នាពេលកន្លងមក។ នេះជាការបញ្ជាក់របស់គ្រូបង្គោលរូបនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ។

ជាមួយគ្នានេះដែរ លោកស្រី Kimberly Sherman គ្រូបង្វឹកក្រុមបាល់ទាត់នារីហ្គាំគូសបញ្ជាក់ដែរថា វិស័យបាល់ទាត់នារីនៅកម្ពុជា និងហ្គាំ មានស្ថានភាពស្រដៀងគ្នា។ លោកស្រីពិតជារីករាយ ក្នុងដំណើរមកប្រទេសកម្ពុជា ក៏ដូចជាការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនារីកម្ពុជា។

ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមនារីកម្ពុជាជាមួយក្រុមនារីហ្គាំ គឺដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G AFC Women's Asian Cup Australia 2026 Qualifiers។ នៅក្នុងការប្រកួតជម្រុះប្រចាំពូល G គឺក្រុមនារីកម្ពុជា ជាម្ចាស់ផ្ទះ ជាមួយ៣ក្រុមផ្សេងទៀត រួមមាន ហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាវអូឌីត។ សម្រាប់៣ប្រកួតរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកួតទី១ ក្រុមនារីកម្ពុជាត្រូវប៉ះជាមួយក្រុមហុងកុង វេលាម៉ោង ១៩:០០ ថ្ងៃទី២៩ ខែមិថុនា ២០២៥, ប្រកួតទី២ ក្រុមកម្ពុជាប៉ះក្រុមហ្វីលីពីន វេលាម៉ោង ១៩:០០ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ និងប្រកួតទី៣របស់ក្រុមនារីកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមអារ៉ាប់ប៊ីសាវអូឌីត នាវេលាម៉ោង ១៩:០០ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នារី ពានរង្វាន់ទ្វីបអាស៊ី នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ (ជុំផ្តាច់ព្រ័ត្រ) AFC Women's Asian Cup Australia 2026 Qualifiers គឺមាន៣៤ក្រុមចូលរួមត្រូវបានបែងចែកជា៨ពូល ក្នុងនោះមានតែពូល A និងB ប៉ុណ្ណោះ ដែលមាន៥ក្រុមដូចៗគ្នា ខណៈ៦ពូលផ្សេងទៀតមាន៤ក្រុមស្មើៗគ្នា។ បន្ទាប់ពីមានការប្រកួតប្រជែងបានបញ្ចប់នៃពូលទាំង៨ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុមនឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសអូស្រាលី នាឆ្នាំ២០២៦ ជាមួយ៤ក្រុមដែរឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ (សរុប១២ក្រុម) គឺម្ចាស់ផ្ទះ អូស្រ្តាលី ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលក្រុមចិន ជាក្រុមជើងឯក កូរ៉េខាងត្បូង ជើងឯករង និងជប៉ុន ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





