ការ៉ាតេកម្ពុជាដណ្តើមបានមេដាយ ៣ គ្រឿង ជើងឯកអាស៊ីអាគ្នេយ៍ នៅព្រុយណេ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--កីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជាដណ្តើមបានមេដាយ ៣ គ្រឿង ក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៥ ពីថ្ងៃទី១៣-២០ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។

លោក ហេង ផេង ជាគ្រូបង្វឹកធំសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជាក់ប្រាប់តាមរយៈសារអេឡិចត្រូនិកពីប្រទេសព្រុយណេមកថា ពេលនេះ កីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿងលើប្រភេទវិញ្ញាសាប្រយុទ្ធ (Kumite)។ មេដាយទាំង៣គ្រឿងរបស់កម្ពុជា ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ លី គួយហាវ ទទួលបានមេដាយប្រាក់ ១គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ខណៈមេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ដោយកីឡាការិនី ឆន ស្រីភា ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ ស្រៀង វិរៈ ក្នុងប្រភេទទម្ងន់ ៨៤គីឡូក្រាមឡើង។

គ្រូជម្រើសជាតិកម្ពុជារូបនេះគូសបញ្ជាក់ថា ការចេញដំណើរចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជូនក្រុមប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនីចំនួន ៣៣នាក់ ក្នុងនោះ លោក ឈាង សុវណ្ណរតនា ប្រធានប្រតិភូ កញ្ញា ជា ថារី លោក ប៉ែន រតនា លោក ដែក ភីយ៉ារ៉ា និងកញ្ញា អ៊ីវ សម្ជស្ស ជាអជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ លោក ហេង ផេង ជាគ្រូបង្វឹកធំ លោក ដែក ភារៈ លោក ថាំង វិបុល លោក ជុន ជឿន និងលោក យ៉េក លីអេង ជាគ្រូជំនួយ។ ចំពោះកីឡាករកម្ពុជាមានចំនួន ១៤នាក់ និងកីឡាការិនី ៨នាក់៕


ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍-SEAKF)





