ស្ថានទូតអាម៉េរិក និងក្រសួងពាណិជ្ជកម្មកម្ពុជា អបអរសហគ្រិនស្រ្តីក្នុងពិព័រណ៌ AWE BizFest
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ -- លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងលោកជំទាវ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចម និម្មល បានចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមទីមួយ ដល់ស្ត្រីជាម្ចាស់អាជីវកម្មចំនួន ៣០ នាក់ ក្រោមគម្រោងសហគ្រិនស្ត្រី មានឈ្មោះជាអង់គ្លេសថា Academy of Women Entrepreneur (AWE) នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នៅ Factory Phnom Penh ។ កម្មវិធី AWE នេះទទួលបានមូលនិធិពីក្រសួងការ បរទេសសហរដ្ឋអាមេរិក និងអនុវត្តន៍ដោយអង្គការ Impact Hub Phnom Penh និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ម្ចាស់អាជីវកម្មដ៏ក្លាហានទាំងនេះ បានទទួលការបណ្តុះបណ្តាល និងការគាំទ្រផ្នែកមូលនិធិ ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច តាំងពីកម្មវិធីនេះចាប់ផ្តើម នៅខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមអបអរដល់អាជីវកម្មជាច្រើន រាប់ពីសេវាផ្នែកបដិសណ្ឋារកិច្ច ដល់ផលិតកម្មស្បៀងអាហារ និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។ អ្នកចូលរួមបានបង្ហាញពីរបៀបដែលពួកគេបានបង្កើតអតិថិជនថ្មី បង្កើតផែនការអាជីវកម្មប្រកបដោយចីរភាព និងកែលម្អផលិតផលរបស់ពួកគេ។ សហគ្រិនទាំងនោះ ដែលមកពីរាជធានីភ្នំពេញ និងខេត្ដសៀមរាបបានចូលរួមប្រកួតបង្ហាញលើគំនិតអាជីវកម្ម ហើយមានបីនាក់ទទួលបានមូលនិធិដើម្បីពង្រីកអាជីវកម្មរបស់ពួកគេថែមទៀត។

លោកស្រីភារធារី Bridgette Walker និង លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រគល់ពានរង្វាន់ចំពោះការបង្ហាញគំនិតអាជីវកម្មដែលធ្វើឲ្យគេមានការចាប់អារម្មណ៍បំផុតជាជំ ដែលជាជំនាញមួយទៀតដែលត្រូវបានបណ្តុះក្នុងកម្មវិធី AWE។
លោកស្រីភារធារី Walker បានមានប្រសាសន៍ថា៖ «AWE បង្ហាញពីស្មារតីនវានុវត្តន៍ និងសហគ្រិនភាព បែបអាម៉េរិក។ តាមរយៈការបង្ហាញពីគុណតម្លៃទាំងនេះ និងតាមរយៈការផ្តល់អំណាចដល់សហគ្រិនស្រ្តីនៅជុំវិញពិភពលោក កម្មវិធីដូចជា AWE នេះ ជួយបង្កើនភាពជាដៃគូសាកលរឹងមាំ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាព។ នៅពេលដែលស្ត្រីទទួលបានជោគជ័យ សហគមន៍នឹងរីកចម្រើន ហើយវានឹងធ្វើឱ្យសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងពិភពលោក មានសុវត្ថិភាព ភាពរឹងមាំ និងវិបុលភាពច្រើនជាងមុន។»

បន្ទាប់ពីចប់ពិធីបិទវគ្គបណ្តុះបណ្តាលនេះ សាធារណជនបានដើរទស្សនាតាមស្តង់ពិព័រណ៍ ដែលស្ត្រីមកពីកម្មវិធី AWE បង្ហាញដាក់តាំងផលិតផល និងបង្ហាញពីសេវាកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ជាមួយនឹងពិព័រណ៍ដែលរៀបចំដោយសមាជិកចូលរួមក្នុងកម្មវិធី AWE ដែលមានការបង្ហាញក្បាច់គុនខ្មែរ ដោយក្លឹប Cambodia Top Team Fight and Fitness Gym ការបង្ហាញរបាំខ្មែរ ដោយសមាជិកក្រុម Bompay និងការបង្ហាញម៉ូតដែលបង្ហាញពីសម្លៀកបំពាក់ គ្រឿងតុបតែង ម្សៅ និងអ្នករចនាដែលរៀបចំដោយក្រុមម៉ូដែល Van Brand និង Random Models ជាមួយនឹងការផាត់មុខដោយក្រុមហ៊ុន Revlon និងសេវាកម្មធ្វើសក់ដោយក្រុមហ៊ុន Kate Korpi Salon។

សូមជម្រាបជូនថា កម្មវិធី AWE គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបំណងផ្តល់អំណាចដល់ស្ត្រីដោយផ្តល់ជាមធ្យោបាយនិងធនធានចាំបាច់ សម្រាប់ចាប់ផ្តើម និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះរួមមានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងអាជីវកម្ម ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ ព្រមទាំងឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង៕
ដោយ៖ រិទ្ធី





