សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចូលឆ្នាំឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤០ភាគរយ
AKP កំពត ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ចូលឆ្នាំឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤០ភាគរយ រីឯការលេងបាញ់ទឹក ប៉ាតម្សៅ ក៏ជាការលេងដោយក្រមសីលធម៌ និងដោយភាពសប្បាយរីករាយ ពុំមានបាតុភាពអាក្រក់ណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ការណ៍នេះបានបង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់អ្នកនិយមលេងកម្សាន្តសប្បាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសយុវជន។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបបានបញ្ចប់ ទៅប៉ុន្មានថ្ងៃថ្មីៗនេះអ្នកដែលសប្បាយរីករាយមិនមែនតែពលរដ្ឋកម្ពុជានោះទេ សូម្បីតែជនបរទេសដែលជាអ្នកទេសចរក៏បានចូលរួមសប្បាយជាមួយយើងផងដែរ ហើយពួកគេក៏បានចូលរួមជួយផ្សព្វ ផ្សាយពីកម្ពុជាទៅកាន់ពិភពលោកថែមទៀតផង ដែលជាការផ្សព្វផ្សាយបែបវិជ្ជមានសម្រាប់កម្ពុជានៅ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ ដែលទាំងអស់នេះហើយគឺជាការរួមគ្នាលើកស្ទួយវប្បធម៌ខ្មែរ។ ជាមួយ គ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះការលើកឡើងបែបអវិជ្ជមានដែលថា រាជរដ្ឋាភិបាលជាអ្នកធ្វើឱ្យរលាយនូវវប្បធម៌ដោយសារតែការលេងបាញ់ទឹក និងប៉ាតម្សៅនេះ ដែល តាមពិតទៅការលេងបាញ់ទឹក និងប៉ាតម្សៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះគឺមានតាំងពីយូរណាស់មកហើយ តែសំខាន់អ្នកលេងត្រូវតែប្រកបដោយក្រមសីលធម៌ ការយោគយល់ និងការអធ្យា ស្រ័យគ្នា នោះគឺជាការប្រសើរណាស់ទៅហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះបីជាមានការលេងបាញ់ទឹក និងប៉ាតម្សៅក៏ដោយ ក៏យើងមិនភ្លេចទេនូវការរៀបចំឱ្យមានការសម្តែងរបាំបុរាណ ល្ខោនបុរាណ នៅតាមរាជធានី ខេត្ត ការ លេងល្បែងប្រជាប្រិយខ្មែរនៅតាមវត្តអារាម និងនៅតាមទីតាំងផ្សេងៗនៅទូទាំងប្រទេស ខណៈដែល រយៈពេល៣ថ្ងៃនេះពិធីបុណ្យចូលឆ្នាំនេះពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនានៅពេលព្រឹកបាននាំចង្ហាន់ទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់បុព្វការីជន ឪពុកម្តាយ ញាតិមិត្ត ដែលបានចាកឋានទៅកាន់លោកខាងមុខទៅតាមទំនៀបទម្លាប់ ប្រពៃណីជាតិ ប្រកបដោយទឹកចិត្តជ្រះថ្លាជាទីបំផុត មិនមែនបើកភ្នែកឡើងគេនាំគ្នាលេងបាញ់ទឹក លេងប៉ាតម្សៅទាំងព្រឹកនោះទេ យើងគួរតែមើលឱ្យឃើញនូវអ្វីដែលវិជ្ជមាន កុំមើលឃើញតែអវិជ្ជមាន។ យើងមានបងប្អូនពលរដ្ឋខ្មែរស្លៀកពាក់បែបប្រពៃណីដើរលេងនៅអង្គរវត្ត នៅតាមប្រសាទបុរាណនានា ហើយជនបរទសមួយចំនួនក៏ដូចគ្នាដែរ ពួកគេបានស្លៀកពាក់បែបខ្មែរ ដោយក្តីស្រឡាញ់ចំពោះវប្បធម៌ខ្មែរ ជាការចូលលរួមក្នុងការផ្សព្វផ្សាយអ្វីដែលជាខ្មែរទៅកាន់ពិភពលោក ដែលនេះហើយយើងគួរតែមើលឱ្យឃើញទាំងអស់គ្នា៕
ដោយ៖ ចាន់ សុភឿន





