ព្រះខ័នរាជស្វាយរៀងយកឈ្នះ Madura ៣-០ ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជាបានយកឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ី Madura United FC ដោយលទ្ធផលបច្ចេកទេស ៣-០ ក្នុងជំនួបជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ជំនួបដ៏ជក់ចិត្តក្រោមក្រសែភ្នែកអ្នកទស្សនានៅទីលានផ្ទាល់ជាង១ម៉ឺននាក់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានទាត់បំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់ នៅដើមវគ្គទី១ ដោយកីឡាករ Breninho នៅនាទីទី៣ និងកីឡាករ Bounphachan Bounkong នៅនាទីទី៦ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចុងម៉ោង ទើបកីឡាករ មិន រតនៈ បន្ថែមគ្រាប់ទី៣ នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី។

តាមរយៈជ័យជម្នះនេះ គឺជាដើមទុនដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ ដែលពួកគេត្រូវធ្វើដំណើរទៅលេងនៅទឹកដីរបស់ក្រុម Madura United FC នៃប្រទេសឥណ្ឌូណេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះ គឺក្រុម Al-Arabi នៃក្របខណ្ឌព្រីមៀរលីគរបស់ប្រទេសកូវ៉ែតបានយកឈ្នះក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃទី០៩ ខែមេសា ដោយក្រុមទាំងពីរត្រូវប្រកួតកាត់សេចក្តីម្តងទៀត នៅជើងទី២ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមឈ្នះ១ឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមព្រះខ័នរាជស្វាយរៀង ឬក្រុម Madura United FC នៃប្រទេសឥណ្ឌូណេស៊ី ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៕


ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





