ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥
AKP កណ្ដាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើម និងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ។ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ក្នុងការប្រកួតនេះឃើញថាក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាពមកអនុវត្តក្នុងការប្រកួតបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុមមួយទៅក្រុមមួយទៀត ដែលធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួន គឺត្រូវធ្វើជាតំណាងឱ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងបាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ រដ្ឋបាលក្រុង-ស្រុក ព្រមទាំងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក និងលោក លោកស្រី ជានាយក នាយិកា គ្រឹះស្ថានបឋមសិក្សាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានកីឡាករ ឱ្យចេះស្រឡាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

សូមបញ្ជាក់ផងដែរ លទ្ធផលនៃការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ មាន៥ផ្នែក ដូចជា ទី១. ផ្នែកកីឡាអត្តពលកម្ម វិញ្ញាសាររត់ល្បឿន៦០ម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅកុមារីស្រុកកណ្តាលស្ទឹង និងកុមារចំណាត់ថ្នាក់លេខ២ ស្រុកពញាឮ។ វិញ្ញាសាររត់ចម្ងាយចំណាត់ថ្នាក់លេខ១ បានទៅលើកុមារី ក្រុងសំពៅពូន និងកុមារចំណាត់ថ្នាក់លេខ២ ស្រុកពញាឮ។ វិញ្ញាសារលោតកម្ពស់ចំណាត់ថ្នាក់លេខ១ បានទៅកុមារី និងកុមារស្រុកកៀនស្វាយ។ វិញ្ញាសារលោតចម្ងាយចំណាត់ថ្នាក់លេខ១ បានទៅកុមារី និងកុមារ ស្រុកកៀនស្វាយ។ វិញ្ញាសាររត់បណ្ដាក់ ៤ដង ៥០គុណ៤ ចំណាត់ថ្នាក់លេខ១ កុមារស្រុកពញាឮ ។ វិញ្ញាសារអត្តពលកម្មកុមារ បានទៅលើកុមារចំណាត់ថ្នាក់លេខ១ ស្រុកពញាឮ។ ទី២. ផ្នែកកីឡាប៉េតង់ វិញ្ញាសា១ទល់១ កុមារី និងកុមារី ចំណាត់ថ្នាក់លេខ១ស្រុកកោះធំ។ វិញ្ញាសា វាយយកពិន្ទុ កុមារី និងកុមារី ចំណាត់ថ្នាក់លេខ១ ក្រុងតាខ្មៅ។ ទី៣. ផ្នែកកីឡាបាល់បោះកុមារី និងកុមារ ចំណាត់ថ្នាក់លេខ១ការិយាល័យក្រុងតាខ្មៅ។ ទី៤. ផ្នែកកីឡាបាល់ទះ កុមារីចំណាត់ថ្នាក់លេខ១ ការិយាល័យស្រុកអង្គស្នួល និងកុមារចំណាត់ថ្នាក់លេខ២ ការិយាល័យស្រុកកណ្តាលស្ទឹង។ ទី៥. ផ្នែកកីឡាបាល់ទាត់កុមារី ចំណាត់ថ្នាក់លេខ១ ការិយាល័យក្រុងតាខ្មៅ និងកុមារចំណាត់ថ្នាក់លេខ២ការិយាល័យស្រុកស្អាង៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





