ពិធីកោរជុកជាប្រពៃណីទំនៀមរបស់ខ្មែរយូរលង់មកហើយ
AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ថ្វីត្បិតតែពិធីកោរជុកជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយក៏ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ពិធីនេះហាក់មិនសូវបានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។ បើទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតំបន់អង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សា និងប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះ ដើម្បីបន្តមរតកវប្បធម៌របស់ដូនតាខ្មែរនៅឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គ្រួសារមួយមកពីខេត្តឧត្តរមានជ័យ បាននាំបុត្រាបុត្រី មកធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុកក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង ដើម្បីបញ្ជាក់ពីដំណើរជីវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យ និងមានការទទួលខុសត្រូវ។ ខ្មែរបុរាណធ្វើពិធីនេះឡើងសម្រាប់ក្មេងស្រីប្រុស ដែលជំទង់ពុំទាន់ពេញវ័យ ឱ្យឈានចូលទៅពេញវ័យ។

ពិធីកោរជុក ឬខ្លះហៅថាពិធីឆ្លងវ័យនេះ តាមប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងគ្រួសារ និងក្នុងសង្គម ស្របទៅតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។ ពិធីកោរជក់នេះក៏ជាពេលវេលាកំណត់នៃកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរៀនចំណេះដឹងខាងសេដ្ឋកិច្ច ឬរបៀបគ្រប់គ្រងគ្រួសារជាដើម៕
ដោយ ឃុត សៅ





