គណៈប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌាដឹកនាំដោយលោកវរនាវីឯក អានស៊ុល ឃីសរ (ANSHOL KISHORE) នាយទាហានជាន់ខ្ពស់ក្រុមនាវិកហ្វឹកហ្វឺនទី១ និងមេបញ្ជការនាវាកងទ័ពជើងទឹកឥណ្ឌាទាំងពីរ នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប។ ខេត្តមានកោះធំ-តូចចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីទ្បូម៉ែត្រ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហ កម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៤ ខេត្តព្រះ សីហនុទទួលបានផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ៤.៦០២ដុល្លារអាមេរិក អត្រាកំណើនសេដ្ឋកិច្ច ៦ភាគរយ កាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះត្រឹម ១,២២%។ បច្ចុប្បន្នរាជរដ្ឋាភិ បាលបានជ្រើសរើសយកខេត្តព្រះសីហនុ ជា "តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌលឧស្សា ហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងការការពារ និងថែរក្សាបរិស្ថាន។ក្រៅពីនេះខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវដែក ទីលានទុកដាក់សំរាមស្តង់ដារជាដើម ជាពិសេសកំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យកម្ពុជា មានសមត្ថភាពដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែទូទាំងពិភពលោក។ ទាំងនេះសុទ្ធតែជាការចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដើម្បីអាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

លោកអភិបាលរងខេត្តបានបន្តថា ទំនងទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេស ឥណ្ឌាបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៥២ ហើយឆ្នាំ២០២៥នេះ ជាខួបលើកទី៧៣ឆ្នាំនៃខួបអនុស្សាវរីយ៍ការបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាប្រពៃណីយូរលង់ណាស់មកហើយ តាមរយៈសាសនា ភាសា និងវប្បធម៌។ កម្ពុជា-ឥណ្ឌាបានផ្លាស់ប្តូរទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដូចជាការផ្លាស់ប្តូរទំនាក់ទំនងទស្សនកិច្ចទៅវិញទៅ មករវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ។ សូមជូនពរឱ្យដំណើរទស្សនកិច្ចរបស់នាវិកកងទ័ពជើងទឹកឥណ្ឌាទាំងពីរ INS Sujata និង ICGS VEERA នៅលើទឹកដីខេត្តតំបន់ឆ្នេរ នៃប្រទេសកម្ពុជា ទទួលបាននូវជោគជ័យត្រចះត្រចង់តាមការគ្រោងទុក។
លោក វរនាវីឯក អានស៊ុល ឃីសរ (ANSHOL KISHORE) នាយទាហានជាន់ខ្ពស់ក្រុមនាវិកហ្វឹកហ្វឺនទី១ និងមេបញ្ជការដឹកនាំនាវាកងទ័ពជើងទឹកឥណ្ឌាទាំងពីរគ្រឿង ដែលចូតចតនៅកំពង់ផែក្រុងព្រះសីហនុ បានថ្លែងអំណរគុណ ការស្វាគមន៍នាវាឥណ្ឌាទាំងពីរគ្រឿង ក្នុងសំណោមកងនាវា ៦គ្រឿង ដែលមានមូលដ្ឋាននៅ Kochi ក្នុងរដ្ឋ Kerala នាវាកងទ័ពជើងទឹកឥណ្ឌាឪ្យតម្លៃខ្ពស់ប្រទេសក្នុងលម្ហសមុទ្រ ក្នុងការប្រាស្រ័យទាក់ទងធ្វើទស្សនកិច្ចក្នុងប្រទេសជាមិត្ត កម្ពុជាជាប្រទេសសំខាន់របស់កងទ័ពជើងទឹកឥណ្ឌា ហើយនាវាទាំងពីរមានសិក្ខាកាមសមុទ្រចំនួន ១២០នាក់ មកពីប្រទេសចំនួន៤ ក្នុងងការចូលរួមប្រាស្រ័យទំនាក់ទំនងជាមួយប្រទេសក្រៅពីប្រទេសឥណ្ឌា។ នាវាទាំងពីរគ្រឿងនេះបានចាកចេញពីប្រទេសឥណ្ឌាកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ចូលចតនៅប្រទេស Singapor បន្តកម្ពុជា ចេញទៅវៀតណាម និងថៃ ហើយពេលវេលានេះ យើងមាននាវាមួយគ្រឿងទៀតបានចូលចតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

លោកប្រធានគណៈប្រតិភូបានបន្តថា ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងផ្សាភ្ជាប់ផ្លូវទឹក តាមរយៈរូបសំណាក "ព្រះថោងនាងនាគ" ហើយខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ដូចជាហេដ្ឋារចនាសម័ន្ធ និងសំណង់រីកចម្រើនមានការកើនឡើងជាលំដាប់ និងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសង្ឃឹមថាភ្ញៀវទេសចរឥណ្ឌានឹងមកកាន់ខេត្តព្រះសីហនុ និងបានថ្លែងអំណគុណចំពោះការទទួលស្វាគមន៍នាវា និងនាវិកឥណ្ឌាចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។

សូមរម្លឹកថា កាលពីឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០៣គ្រឿង បានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមរយ:កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ដោយ ងូ សុមុនី





