លោកជំទាវ យស ថានារី ជួបសំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យដែលរួមការងារកន្លងមក និងយុវជន ក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ
AKP កំពង់ធំ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកជំទាវ យស ថានារី សមាជិការដ្ឋសភាមណ្ឌលកំពង់ធំ បានជួបសំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យ ដែលរួមការងារកន្លងមកនិងយុវជន ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ លោកជំទាវ សៀង លី លោកជំទាវ ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត លោក កែវ ស៊ីដែតប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលកំពង់ធំ និងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំដែលអញ្ជើញមកពី ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំសរុបចំនួន៥៧នាក់។

លោកជំទាវ យស ថានារី បានថ្លែងថា បុណ្យនៃក្តីស្រឡាញ់ជាបុណ្យបញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្តីស្រឡាញ់មានលក្ខណៈទូលំទូលាយប៉ុន្តែថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅ ថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។

នៅថ្ងៃបុណ្យនេះគេនិយមជូនផ្កាកុលាប សូកូឡា ឬការជូនពរឱ្យគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះ លោកជំទាវសមាជិករដ្ឋសភាបានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ដែលខិតខំអនុវត្តការងារនៅតាមអង្គភាពរបស់ខ្លួនទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ពិធីសំណេះសំណាលនាពេលនេះគឺដើម្បីផ្សារភ្ជាប់ភាពទំនាក់ទំនងនៃសេចក្តីស្រឡាញ់ សហការគ្នា សាមគ្គីភាពគ្នា ជាធ្លុងមួយសម្រេចគោលដៅនាពេលខាងមុខ និងបានប្រសិទ្ធពរដល់ក្រុមការងារទាំងអស់ ជួបទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា





