លោកជំទាវ យស ថានារី និងក្រុមហាត់ប្រាណមិត្តភាពនាំយកម្ហូបអាហារ និងថវិកាផ្ដល់ជូនកុមារកំព្រាក្នុងខេត្តកំពង់ធំ ក្នុងឱកាសបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្
ភៈ AKP កំពង់ធំ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកជំទាវ យស ថានារី សមាជិករដ្ឋសភាមណ្ឌលកំពង់ធំ និងក្រុមហាត់ប្រាណមិត្តភាពខេត្តបានចុះសួរសុខទុក្ខនាំយកម្ហូបអាហារ និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រានៅបុរីកុមារខេត្តកំពង់ធំក្នុងឱកាសបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ ស្ថិតនៅភូមិអាចារ្យលាក់សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោកជំទាវបានអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ឧបត្ថម្ភជាសម្ភារ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រាក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុតបានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រាមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អាហារហូបចុក និងថវិកាបន្តិចបន្តួចសម្រាប់តម្រូវការក្នុងការសិក្សារៀនសូត្រ។

ទន្ទឹមនឹងនេះ លោកជំទាវ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំបានរៀបចំម្ហូបអាហារ និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ និងសូមឱ្យក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៨នាក់ បុគ្គលិកមេដោះមានសេចក្តីសោមនស្សរីករាយដែលលោកជំទាវ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំទាំងអស់បានរៀបចំឱ្យកុមារទទួលបាននូវអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា និងថវិកាមួយចំនួនដល់កុមារកំព្រាយើងខ្ញុំ នាឱកាសបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈនេះ។

កម្មវិធីសប្បុរសធម៌នេះពិតជាបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងផ្ដល់ភាពកក់ក្តៅព្រមទាំងបានចូលរួមលើកកម្ពស់នៃសិទ្ធក្នុងការអភិវឌ្ឍ ផ្តល់នូវសេចក្តីស្រឡាញ់និងស្នាមញញឹមដល់កុមារសិទ្ធរស់រានមានជីវិតរបស់កុមារក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិលើវិស័យកុមារជាពិសេសដល់កុមារកំព្រាថ្ងៃនេះ។ សកម្មភាពមនុស្សធម៌នេះបានស្តែងឱ្យឃើញនូវអំពើល្អ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ។ សូមបញ្ជាក់ថានៅបុរីកុមារខេត្តកំពង់ធំមានកុមារកំព្រាសរុបចំនួន៤៨នាក់ (ស្រី២៣នាក់) និងបុគ្គលិកមេដោះចំនួន០៦នាក់ (ស្រី០៤នាក់)៕

ដោយ ស៊ុម វណ្ណា





