ភ្ញៀវទេសចរបរទេសជាង២០០០នាក់ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
នាវាទេសចរណ៍ប្រភេទនាវាយក្ស០១គ្រឿងមានឈ្មោះ Aida Stella បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ស្មើនឹង១៣សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ប្រភេទនាវាយក្សនោះមានឈ្មោះ Aida Stella សញ្ជាតិ Italy មានបណ្តោយ២៥៣.៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ ជម្រៅទឹក៧.៣ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន២១២៣នាក់ ស្រី១០៧៦នាក់ ស្មើនឹង១៣សញ្ជាតិ និងមាននាវិកសរុបចំនួន៦៣៧នាក់ ស្រី ១៤០នាក់ ស្មើនឹង ២៨សញ្ជាតិ។ នាវាទេស ចរណ៍ Aida Stella បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Aida Stella ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា Germany ១ ៨៦៩នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។

ការចូលចតរបស់នាវាទេសចរណ៍យក្សនាពេលនេះ ស្របពេលដែលខេត្តព្រះសីហនុទទួលការចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន០២គ្រឿង ដើម្បីបង្កើនមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ភ្ញៀវទេសចរបរទេសបានធ្វើដំណើកម្សាន្តតាមឡានក្រុង ទស្សនាក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូប សំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។ ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពផងដែរ៕

ដោយ ងូ សុមុនី





