រដ្ឋបាលខេត្តកណ្ដាលផ្ដល់សេចក្តីស្រឡាញ់ដល់អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា
AKP កណ្ដាល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្ដាលដែលដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងអាជ្ញាធរក្រុងតាខ្មៅបានផ្ដល់សេចក្តីស្រឡាញ់ក្នុងថ្ងៃនៃទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ និងស្នាមញញឹមជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា និងបានផ្ដល់នំភីហ្សា (pizza) ជូនដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នមក្នុងការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឱ្យឃើញថា ទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបក៏ដោយសង្គមនេះមានការគោរពស្រឡាញ់ និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រែងរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។

ជាមួយគ្នានេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់ជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា ដូចជា៖ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោកូនក្មេង ១០កេស ឧបត្ថម្ភថវិកាជូនទៅដល់អង្គការ ១០លានរៀល និងអ្នកគ្រូ-លោកគ្រូចំនួន ៤៥នាក់ក្នុងម្នាក់២០ ម៉ឺនរៀល និងកុមារចំនួន១៤៣អ្នកក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





