រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងអំពីការកែសម្រួលតម្រាយខ្សែរត់ និងការបន្ថែមម៉ោងប្រតិបត្តិការរថយន្តក្រុងសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់សាធារណជនថា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកឱ្យប្រើប្រាស់សាកល្បង នូវគម្រោង ផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០ នាទីយប់។


ជាការកត់សម្គាល់ បន្ទាប់ពីការបើកដំណើរការសាកល្បង គម្រោងផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបាន ការគាំទ្រ និងចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តជាច្រើន ពោលគឺបានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងសាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ឱ្យដំណើរការរហូតដល់ម៉ោង១១០០នាទីយប់៕



ដោយ សួស សំរិត





